ភ្នំពេញ: ក្រុមចោរមួយក្រុមធ្វើសកម្មភាពដេញកាប់យុវជនពីរនាក់ប្លន់យកម៉ូតូតែមិនបានសម្រេច ត្រូវកម្លាំងកងរាជអាវុធហត្ថចេញមកជួយអន្តាគមន៍ធ្វើឲ្យជនសង្ស័យភ័យនាំគ្នាគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងនៅម៉ោង ២ និង ៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ១០៦កែងនិងផ្លូវR5 ត្រង់ចំណុចខាងមុខរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ធឿន អាយុ ២០ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រួមជាមួយមិត្តភក្តិម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1U-9592 និងមិត្តភក្តិពីរនាក់ទៀតបើកម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាក ស៊ុយស៊ូគីស្មាក់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BD-8142 ជិះបណ្តើរគ្នាមកពីដើរលេងនៅឯជ្រោយចង្វា ត្រើយខាងកើត បំណង់ជិះត្រឡប់ទៅផ្ទះវិញនៅម្តុំទួលសង្កែ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស កក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកែងនិងផ្លូវ១០៦ក្បែរកន្លែងកើតហេតុ ស្រាប់តែមាជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ប្រដាប់ដោយកាំបិតស្ទើរដៃជិះម៉ូតូ៦ទៅ៧គ្រឿង តាមពីក្រោយជនរងគ្រោះបន្ទាប់មកក៏ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំដៃខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះជនរងគ្រោះព្យាយាមបើកម៉ូតូបត់ស្តាំទៅផ្លូវ១០៦រត់គេចពីក្រុមជនសង្ស័យដោយសាភាពភ័យស្លន់ស្លោ រហូតមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានផ្តួលម៉ូតូចោលរត់យករួចខ្លួន ខណ:នោះមិត្តភក្តិរបស់ជនរងគ្រោះដែលជិះម៉ូតូស្មាក់វីតាមមកពីក្រោយក៏ត្រូវក្រុមជនសង្ស័យទាញកាំបិតដេញកាប់ភ័យរត់ចោលម៉ូតូផងដែរ។ បន្ទាប់មកក្រុមជនសង្ស័យនាំគ្នាយកដុំថ្មវាយកម្ទេចម៉ូតូមិត្តជនរងគ្រោះបែកចង្កៀងនិងបែកកាបាំងខាងមុខបម្រុង លើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួន តែត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញដែលប្រចាំការនៅគោលដៅ ចេញមកអន្តរាគមន៍ធ្វើឲ្យក្រុមជនសង្ស័យភ័យនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ជ្រោយពេជ្រ