ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ច្រាស់តែឯង! មិនធ្វើដូចទន្សោងគោព្រៃ ស៊ីតូចដោយតូច ស៊ីធំដោយធំ !

ចែករំលែក៖

អារឿងបែងចែកលាភបានពីអំពើល្មើសច្បាប់ដែលអាចនិយាយថាបានមកពីការប្រព្រឹត្តអំពើពុករលួយ ដោយចែកគ្នាមិនស្មើឬ មេស៊ីដាច់ រហូតទម្លាយរឿងឲ្យធូរទ្រូងតាមហ្វេសប៊ុករបស់អធិការរង នគរបាល នៅខណ្ឌដូនពេញម្នាក់កាលពីថ្មីៗនេះ នាយជាលគិតថា មិនមែនទើបតែកើតមាននៅអង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញមួយនេះទេ ការពិតរឿងបែបនេះក៏មាននៅក្នុងអង្គភាពរដ្ឋដទៃទៀតមិនតិចដែរដែរ ដោយគ្រាន់តែនៅអង្គភាពទាំងនោះគេមិនហ៊ានទម្លាយដូចមន្រ្តីនគរបាលរូបនេះដោយសុខចិត្តបៀមទុក្ខក្នុងទ្រូងមិនបញ្ចេញឲ្យគេដឹងនិងចង់ទុកមុខមាត់ឲ្យមេ ។

នាយជាលគិតថា អធិការរងនគរបាលរូបនេះហ៊ានទម្លាយរឿងអាស្រូវមេរបស់មេខ្លួនយ៉ាងនេះ ដោយសារតែគាត់ទ្រាំលែងបាននិងដល់កខ្លាំងពេក បានជាហ៊ានប្រើពាក្យថា ធ្វើមេគេកុំច្រាស់តែឯង ប្រយ័ត្ន ជាប់គុកតែឯង ? ពោលចង់បានន័យថា មាននំស៊ីមិនចែករំលែកដល់កូនចៅសើមមាត់ សើម ខ្លះផង

ពេលឃើញដូច្នេះនាយជាលចេះតែនឹកឃើញចម្រៀងពីសម័យមុនៗ គឺបទមួយឈ្មោះថា សុរិយាល្ងាចថ្ងៃ ឬ ទន្សោងគោព្រៃ​ ដែលឃ្លាមួយនៃចម្រៀងនេះ ច្រៀងថា ស៊ីតូចដោយតូច ស៊ីធំដោយធំ ចំពោះអត្ថន័យ មួយឃ្លានៃបទចម្រៀងខាងលើនេះមិនដឹងថាគេយល់ ឬ ប្រៀបធៀបយ៉ាងណានោះទេ តែសម្រាប់នាយជាលវិញអាចប្រៀបធៀប   លេងៗជាមួយរឿង ច្រាស់តែឯង! នេះថា មកពីអ្នកធ្វើមេមិនចេះប្រើវប្បធម៌ចែករំលែក បានចំណីស៊ីឆ្ងាញ់ត្របាក់តែឯង មិនគិតគូរដល់កូនចៅថ្នាក់ក្រោមបានទំពារខ្លះៗ ត្រង់នេះនាយជាល គិតថា ប្រហែលជាមេមានទស្សនមួយ ដូចទន្សោងគោព្រៃស៊ីតូចដោយតូច ស៊ីធំដោយធំ បានន័យថា ឯងស័ក្តិយសតូចជាងអញ ឯងត្រូវស៊ីអាតិចតួចបានហើយ ទុកអាធំៗឲ្យអញ ព្រោះអញជាមេត្រូវតែស៊ីអាធំអ៊ីចឺងហើយ។ អញ ស៊ីអាធំមែន តែអញទុកចែករំលែកទៅមេធំជាងអញមួយចំណែកទៀតត្រូវដឹង !។

បើលោកមេមានទស្សនបែបនេះមែន លោកកូនៗថ្នាក់ក្រោមកុំទោមនស្សអី នេះហើយគេថា ទន្សោងគោព្រៃ ស៊ីតូចដោយតូច ស៊ីធំដោយធំ ៕ នាយជាល


ចែករំលែក៖