ខេត្តស្ទឹងត្រែង: បើទោះបីមានការអំពាវជាញឹកញាប់ពីអាជ្ញាធរដែនដី សុំកុំឲ្យប្រជាពលរដ្ឋរើសគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមកដំលេងយ៉ាងណាក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនមិនទាន់ស្វែងយល់ពីគ្រោះថ្នាក់ដល់ជីវិត ហើយនៅតែកើតមានករណីរើសគ្រាប់មិនទាន់ផ្ទុះមកដំលេងបណ្តាលឲ្យផ្ទុះស្លាប់ដដែល ។
ជាក់ស្តែងដូចជាកាលពីរសៀលថ្ងៃ ថ្ងៃ សៅរ៍ ៧កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិអ៊ីប៊ុ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានករណីផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ១គ្រាប់បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ ដោយសារជនរងគ្រោះរើសគ្រាប់នោះមកដំលេង ។
មន្រ្តីនគរបាល ស្រុក អូរស្វាយសែនជ័យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រឿន គ្រី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅឃុំអូរស្វាយ ស្រុកអូរស្វាយ ។
ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅចម្ការរបស់ខ្លួនចម្ងាយពីផ្ទះប្រហែលជាង១០គីឡូម៉ែត្រហើយបានរើសគ្រាប់កាំភ្លើងបន្សល់ពីសម័យសង្រ្គាមមកដំលេង នៅក្នុងចម្ការរបស់ខ្លួនហើយក៏ផ្ទុះបណ្តាលឲ្យស្លាប់ភ្លាមមួយរំពេច។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងកើតហេតុ ធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយរើសគ្រាប់មិនទាន់ផ្ទុះមកដំលេងហើយផ្ទុះស្លាប់ខ្លួនឯងប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី