ខេត្តត្បូងឃ្មុំ ៖ បើពុំមានវិធានការទប់ស្កាត់ និងពិនិត្យត្រឹមត្រូវតាមជំនាញបច្ចេកទេសទេ ប្រជាជនងាយនិងរងគ្រោះថ្នាក់ប៉ះពាល់សុខភាពធ្ងន់ធ្ងរបំផុតចំពោះការទទួលទានសត្វមាន់ នៅពេលមានមន្ត្រីផ្នែកពេទ្យសត្វមួយចំនួនមានគំនិតទុច្ចរិត ធូររលុងបណ្តោយអោយឈ្មួញនាំចូលសត្វទាំងរថយន្តៗចូលទីផ្សារកម្ពុជា ហេីយភ្លេចភារកិច្ចតួនាទីងុបនឹងលាភសក្ការៈ ។
ជាក់ស្ដែងវេលាម៉ោង១២៖០០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ មានរថយន្តម៉ាកហុីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ពាក់ផ្លាកលេខត្បូងឃ្មុំ3A-0853 ផ្ទុកដោយសត្វមាន់រាប់ពាន់ក្បាលចូលតាមច្រកដូនរត្ន ស្រុកមេមត់ បង្ហាញរូបភាពហាក់ធូររលុងសេរីក្នុងការនាំចូលផ្ទុយពីសេចក្តីប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មដែលតម្រូវអោយមន្ត្រីមានវិធានការទប់ស្កាត់ ពិនិត្យត្រឹមត្រូវតាមជំនាញបច្ចេកទេសទេ ក្រោយពីប្រទេសវៀតណាម ផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើងដោយវីរុសប្រភេទ A/H5N1។
ដកស្រង់ពីប្រភពព័ត៌មានអោយដឹងថា ក្នុងមួយថ្ងៃយ៉ាងតិចមាន៤ទៅ៥ឡាន ប្រភេទ២តោនកន្លះ និង៨តោន ឯតម្លៃ គិតតាមចំណុះ៨តោនក្នុងមួយឡានត្រូវបង់៨០ម៉ឺនរៀល ២តោនបង់៤០ម៉ឺនរៀល បង់អោយជំនាញ គ្រប់គ្រង់ដោយលោកសេងសោភា មន្ត្រីពេទ្យសត្វស្តីទីខេត្តត្បូងឃ្មុំ ។
ចំពោះករណីនេះ លោក សេងសោភា បានផ្តល់បទសម្ភាសន៍យ៉ាងខ្លីជាមួយអ្នកយកព័ត៌មានអង្គភាពនគរដ្រេហ្គន ពាក់ព័ន្ធការអនុញ្ញាតអោយនាំចូលមាន់ពីប្រទេសវៀតណាម ដោយលោកបាន បដិសេធថាមិនបានទទួលលុយពីក្រុមឈ្មួញទេ ៕ដោយ ៖ វណ្ណះ