ភ្នំពេញ៖ ស្នាដៃសម្តែងភាពយន្តបែបភ័យរន្ធត់លើកដំបូងរបស់តារាសម្តែងស្រស់សង្ហាសេម បានប្រកាសចាក់បញ្ចាំងហើយ។ ភាពយន្តរឿង”វិញ្ញាណតែហោង” នេះគឺប៉ះជាមួយកញ្ញាហ្វាហ្វា ដែលគេស្គាល់ថាជាសង្សារនាយចឺមហើយលោកថាពិតជាពេញចិត្តនឹងការសម្តែងរួមគ្នានេះ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីផលិតកម្មបាដិហារ្យបាន ប្រកាសម្ពោធចាក់បញ្ចាំងភាពយន្តខាងលើជាផ្លូវការកាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២០នេះនៅរោងភាពយន្តឡេជេន ផ្សារទំនើបស៊ីធីម៉ល ក្រោមវត្តមានសិល្បករជាច្រើនរូប។ តួឯកក្នុងភាបយន្តនេះលោក សេម បានលើកឡើងថា នេះគឺជាភាពយន្តទី៣ដែលលោកបានចូលរួមសម្តែងឲ្យផលិតកម្មខាងលើ ប៉ុន្តែជាលើកដំបូងដែលប៉ះដៃគូថ្មីកញ្ញា ហ្វាហ្វាហើយក៏ជាភាពយន្តបែបភ័យរន្ធត់លើកដំបូង។ លោករសើរតារាស្រីរូបនេះថាពិតជាមានពេទកោលស្យ ដាក់មនោសញ្ចេតនាបានល្អ និងមានអារម្មណ៍ស៊ីសង្វាក់គ្នាច្រើន។ លោកថានាងមានអត្តចរិករួសរាយរាក់ទាក់ តស៊ូរួមគ្នានឹងក្រុមការងារថត រហូតពេលខ្លះត្រូវថតដល់យប់ជ្រៅទាបភ្លឺ និងនៅតំបន់ដាច់ស្រយាលឆ្ងាយពីភូមិក៏មាន។ លោករំពឹងថាភាពយន្តបែបភ័យរន្ធត់ លាយឡំនឹងកំប្លែងនេះនឹងធ្វើឲ្យអ្នកគាំទ្រពេញចិត្ត។
លោក ស៊ុំ ភារិន ចាងហ្វាងផលិតកម្ម បាដិហារ្យភាពយន្ត បានលើកឡើងថា ភាពយន្តនេះចាយពេល៦ខែក្នុងការផលិត និងឆ្លងកាត់ការលំបាកច្រើនទាំងការថតទីតាំងឆ្ងាយៗ និងយប់ជ្រៅ។ លោកថាជាភាពយន្តមានគ្រប់រសជាតិ កម្សត់ស្នេហាព្រាត់ប្រាស់ ភ័យរន្ធត់ អមដោយភាពកំប្លុកកំប្លែង។ លោកថា មានការផ្លាស់ប្តូរបច្ចេកទេសថ្មីៗបន្ថែមដើម្បីកាន់តែទាក់ទាញអារម្មណ៍ទស្សនិកជន និងមានកម្រិតមួយខ្ពស់ជាភាពយន្តរឿង”ធាតុយាយខ្ញុំ” ដែលទទួលបានជោគជ័យកាលពីឆ្នាំមុន។ លោកថាសម្រាប់ឆ្នាំនេះលោកត្រៀមថតប្រមាណ៣រឿងផ្សេងទៀតដែលមានទាំងភាពយន្តភ័យរន្ធត់ និងបែបកំប្លែង។ លោកនៅចាំអ៊ុតមើលនៅឡើយទេថាតើភាពយន្តនេះនឹងទទួលបានការគាំទ្រកម្រិតណាខណៈទីផ្សារចាក់បញ្ចាំងភាពយន្តនៅមានកម្រិតមួយចង្អៀតនៅឡើយពោលគឺមានភាពយន្តច្រើនក្នុងមួយថ្ងៃដែលត្រូវចាក់បញ្ចាំងលើរោងភាពយន្តទំនើប៕ ដោយ វឌ្ឍនា