ភ្នំពេញ ៖ បញ្ហាភ្លើងឆេះព្រៃឆេះស្មៅបានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខណ្ឌជុំវិញរាជធានីភ្នំពេញរួមមឋនខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌពធិសែនជ័យ និងខណ្ឌច្បារអំពៅ ។
ជាក់ស្តែងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះមានករណីភ្លើងឆេះព្រៃ និងស្មៅ នៅទីតាំង២ផ្សេងគ្នា ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ តែមិនឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋឡើយដោយសាររថយន្តពន្លត់អគ្គីភ័យចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ ។
លោកគ្រី ហ៊ុច មន្ត្រីប្រចាំបញ្ជាវិទ្យុទាក់ទងសាលាខណ្ឌច្បារអំពៅ ចំពោះមូលហេតុដែលបង្កឲ្យឆេះនេះ គឺពុំទាន់ដឹងឡើយ ព្រោះវាលស្មៅ និងព្រៃដែលឆេះនេះ គឺស្ថិតក្នុងដីដែលពុំមានម្ចាស់នៅថែរក្សា។ ក្នុងករណីអគ្គិភ័យនេះ ត្រូវបានរថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌច្បារអំពៅចំនួន១គ្រឿង សរុប៤គ្រឿង ចុះទៅបាញ់ពន្លត់ធ្វើឲ្យរលត់ប្រមាណជាងម៉ោងក្រោយ ហើយបើសិនជាពុំមានការអន្តរាគមន៍ទាន់ពេលទេ គឺច្បាស់ជាឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិជាក់ជាពុំខាន។
បន្ទាប់ពីមានការអន្តរាគមន៍ពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ប្រជាពលរដ្ឋ បានសំដែងការអរគុណដល់ក្រុមរថយន្តពន្លត់អគ្គិភ័យ រួមទាំងអាជ្ញាធរដែលចុះទៅជួយអន្តរាគមន៍ទាន់ពេល កុំអីផ្ទះសម្បែងពួកគាត់ ត្រូវបានបំផ្លាញអស់គ្មានសល់។
គួរបញ្ជាក់ថា នៅក្នុងខែមីនានេះ គឺមានករណីអគ្គិភ័យឆេះព្រៃ និងស្មៅកើតឡើងក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញចំនួន១៥លើក រួមទាំងថ្ងៃនេះចំនួន២លើក។ នេះជាគ្រោះថ្នាក់បំផុតដែលផ្តើមឡើងដោយភ្លើងឆេះស្មៅ និងព្រៃ៕ សណ្តោស