ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសុខាភិបាលខេត្តរៀបចំ សន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១២ ខែមីនា  ឆ្នាំ២០២០នេះ មានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ ក្រោមវត្តមាន  លោក ដួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត , លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងនៅក្នុងពិធីនោះ លោក ដួង ពៅ អភិបាលរងខេត្ត បានជំរុញឲ្យមន្ត្រីសុខាភិបាល ត្រូវប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យបានល្អ  ព្រមទាំងត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន ក្នុងការបម្រើវិស័យសុខាសុខាភិបាល  ជាពិសេសការផ្តល់សេវាសុខាភិបាលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែទំនុកចិត្ត និងជឿជាក់លើប្រព័ន្ធសុខាភិបាលរបស់រដ្ឋ។ ទន្ទឹមនេះមន្ទីរសុខាភិបាល ត្រូវខិតខំពង្រឹងគុណភាពធនធានមនុស្ស ឲ្យបានខ្លាំងក្លាថែមទៀត នៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅជិតប្រជាពលរដ្ឋជាទំនុកចិត្ត។

លោក ដួង ពៅ បញ្ជក់ថា៖ ដើម្បីឲ្យវិស័យសុខាភិបាលទទួលជោគជ័យ កាន់តែធំធេងថែមទៀតនោះ ទាមទារ មន្ត្រីសុខាភិបាលត្រូវចេះរួមសាមគ្គីគ្នាក្នុងអនុវត្តការងារ មិនត្រូវប្រកាន់ការងារ តួនាទីភារកិច្ច អ្វីឡើយ ជាពិសេសមន្ទីរសុខាភិបាលត្រូវមានកិច្ចសហការ ឲ្យបានល្អ ជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។ ឆ្លៀតឱកាសនេះលោកអភិបាលរងខេត្តក៏បានស្នើរដល់មន្ទីរសុខាភិបាលខេត្ត ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីបញ្ហាជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីCorona Virus ឬ Covid-19ឲ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានបានដឹង និងការពារខ្លួនឲ្យបានល្អជៀសវៀងឆ្លងរីករាល ព្រមទាំងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធាមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា៖ ក្នុងរយះពេលកន្លងមកដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ស្ថាប័ន មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន ធ្វើឲ្យមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់បានប្រឹងប្រែងយ៉ាងសកម្មដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងអនុវត្តនូវគោលនយោបាយផែនការយុទ្ធសាស្ត្រសុខាភិបាលដោយទទួលបានលទ្ធផលល្អប្រសើរ។

លោកបញ្ជាក់ថា៖ សមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាលឆ្នាំ២០១៩ កន្លងមកមន្ទីរសុខាភិបាលមានរចនាសម្ព័ន្ធចំណុះចំនួន៤ រួមមានការិយាល័យរដ្ឋបាល បុគ្គលិក, គណនេយ្យ, បច្ចេកទេស , និងការិយាល័គ្រប់គ្រងឱសថ និងសុវត្តិភាពចំណីអាហារ។ លោកថាចំពោះពេទ្យបង្អែកខេត្តមាន៣កម្រិត មាន០១ការិយាល័យប្រតិបត្តិក្រុងស្រុក  មណ្ឌលសុខភាពចំនួន១៤ និងប៉ុស្តិសុខភាពចំនួន០២។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត បានបន្ថែមថា៖ គោលដៅនៃការផ្តល់សេវាសុខាភិបាលដល់ប្រជាធ្វើយ៉ាងណាកាត់ បន្ថយការឈឺស្លាប់ បន្ថយបន្ទុកអ្នកជំងឺឆ្លង ជំងឺមិនឆ្លងនិងបង្កាហានិភ័យ និងបន្ថយបន្ទុកចំណាយលើការថែទាំសុខភាពរបស់ប្រជាពលរដ្ឋដោយផ្តោតចម្បងលើការផ្តល់សេវាបង្ការជំងឺ អប់រំលើកកម្ពស់សុខភាព ធ្វើរោគវិនិច្ឆ័យ ផ្តល់ការព្យាបាលថែទាំ ធ្វើឲ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាព គ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្តិភាព និងប្រសិទ្ធភាព៕ដោយ៖ ឡូយ សុផាត


ចែករំលែក៖