ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជាច្រើននៅតំបន់អឺរ៉ុប សម្រេចបិទសាលារៀនទប់ស្កាត់ឆ្លង Covid-19

ចែករំលែក៖

បច្ចុប្បន្ន អឺរ៉ុប បានក្លាយទៅជា «សម្បុក» កូវីដ-១៩ ក្រោយពេលដែលចិនបានបំផ្លាញ សម្បុកកូវីដ-១៩ នៅទីក្រុងវូហានដោយជោគជ័យ​។ ចិនមានអ្នកឆ្លងនិងស្លាប់ធាក់ចុះទាបបំផុត ហើយ នៅចុងខែមីនានេះ និងមិនមានអ្នកឆ្លងទៀតឡើយ។  ប្រទេសនៅក្នុងតំបន់អឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង ប្រទេសនៅតំបន់អឺរ៉ុប បានសម្រេច បិទសាលារៀន។

កន្លងមក មានប្រទេសអេស្បាញ អ៊ីតាលី បានសម្រេចបិទសាលារៀន​ ដោយខ្លាចការឆ្លងរាលដាលដល់សិស្ស ពិបាកក្នុងការទប់ស្កាត់។ នៅពេលនេះដែរបារាំងក៏បានប្រកាសបិទទ្វារសាលារៀនផងដែរ។​

កាលពីយប់ថ្ងៃទី​១២ខែមីនា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង​បានប្រកាសថា បារាំងនឹងបិទទ្វាសាលារៀនទាំងអស់ ចាប់ពីថ្ងៃទី​១៦ខែមីនា  ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម Covid-19

ប្រធានាធិបតីបារាំងបានបញ្ជាក់ថា Covid-19 បានប៉ះពាល់យ៉ាងខ្លាំង ដល់​ទ្វីបអឺរ៉ុប ដោយរាលដាលនៅគ្រប់ប្រទេសទាំងអស់  បង្កឲ្យមានវិបត្តិផ្នែកសុខភាពយ៉ាងធ្ងន់​បំផុតមិនធ្លាប់មាន ដល់ប្រទេសបារាំងនិងប្រទេសទាំងអស់ក្នុងតំបន់។ នៅក្នុងប្រទេសបារាំង រយៈពេល​២ថ្ងៃចុងក្រោយនេះមានករណីឆ្លងវីរុសដល់ទៅ​ជាង​១ពាន់នាក់​ និងមានសញ្ញាឆ្លងរាលដាលកាន់តែច្រើនថែមទៀត ។

ប្រធានាធិបតីបារាំង បានបញ្ជាក់ទៀតថា Covid-19 បានឆ្លងរាលដាលយ៉ាឆាប់រហ័ស​ដូច្នេះការផ្តល់អាទិភាពការពារសុខភាពពលរដ្ឋ​គឺជារឿងសំខាន់បំផុត​។ ដូច្នេះចាប់ពីថ្ងៃទី១៦ សប្តាហ៍ក្រោយ សាលាទាំងអស់នៅបារាំង ត្រូវបិទទ្វារ ការពារឆ្លងរាលដាល ក៏ដូចជា​បញ្ចប់ក្តីបារម្ភ របស់អាណាព្យាបាលសិស្ស​។ តាមក្រុមអ្នកវិទ្យាសាស្ត្រ កុមារនិង សិស្ស​សាលាអាច​ចម្លងជំងឺលឿនបំផុត​។

បច្ចុប្បន្នបារាំងមានករណីឆ្លងវីរុស​​Covid-19 កើនឡើងដល់ទៅ​​២៨៧៦នាក់ហើយ  និងមានអ្នកស្លាប់៦១នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយវិញ មានតែ​១២នាក់ប៉ុណ្ណោះ។ បារាំងជាប្រទេសដែលមានវិស័យសុខាភិបាលរីកចំរើន ប៉ុន្តែក៏មិនអាចទប់ស្កាត់ ការឆ្លងរាលដាលនិងព្យាបានអ្នកជំងឺបានល្អនោះឡើយ៕


ចែករំលែក៖