ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់កំពុងលេងបៀរ ឯច្រើននាក់ទៀតរត់បាតជើងសព្រៀត

ចែករំលែក៖

ខេត្តកណ្តាល៖  កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំពៅលូន បាន បង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀ)មួយកន្លែងដោយឃាត់បានមនុស្សញៀនល្បែង៣នាក់ និងរឹបអូសស្បែកជើង៤គូ ព្រមទាំងលុយមួយចំនួន ។

ប្រទិបត្តិការបង្រ្កាបល្បែងស៊ីសងនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ចំណុច ដីចម្ការទុកចោលមួយកន្លែងស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសំពៅលូនបានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលឃាត់ខ្លួនបានមាន
១.ឈ្មោះហ៊ី ស៊ាងលីម ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
២.ឈ្មោះ ស៊ិន គីមអាំង ភេទស្រី អាយុ៤០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ ។
៣.ឈ្មោះ ចាន់ ណាន់ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើ រីឯវត្ថុតាងចាប់យក៖
១.បៀចំនួន៥២សន្លឹក,ស្បែកជើង ៤គូ ប្រាក់រៀល ៥ម៉ឺនរៀល កម្រាលភួយ១ កម្រាលកៅស៊ូ ១ និងកន្ទេល១។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងបៀស៊ីសងដាក់ប្រាក់នៅចំណុចកើតហេតុខាងលើ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនគរបាលប៉ុស្តិ៍និងស្រុក បានចុះដល់កន្លែងកើតហេតុ តែគួរឲ្យស្តាយ គ្រាន់តែឃើញនគរបាលទៅដល់ភ្លាម អ្នកលេងជាច្រើននាក់ទៀតរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនបានតែជនសង្ស័យ៣នាក់ខាងលើ រួមនឹងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើកិច្ចសន្យាអប់រំហើយឲ្យត្រឡប់ទៅផ្ទះវិញ ៕ សហការី


ចែករំលែក៖