ខេត្តកំពង់ចាម ៖ អាចនិយាយថា ជាអកុសល ឬជាការធ្វេសប្រហែសក៏អាចថាបាន រក្សាខ្សែភ្លើងដែលមានចរន្តមិនបានល្អ ធ្វើឲ្យបុរសម្នាក់ជាកូនប្រសាស្លាប់នៅពេលចុះចាប់ត្រីក្នុងស្រះមួយកន្លែងជាមួយឪពុកក្មេក គ្រាដែលយកដៃចាប់លើកអំពូលភ្លើងដែលមានចរន្តឲ្យផុតពីទឹក ។ ប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧៖៣០នាទីម្សិលមិញ ចំណុចស្រះត្រី ភូមិតាងិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
ប្រភព័ត៌មានបន្តថា សពជនរងគ្រោះឈ្មោះ រិន ភារុន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីក្រុមគ្រួសារឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានមកជួយចាប់ត្រីក្នុងស្រះជាមួយឪពុកក្មេក ដែលមានស្ថិតនៅភូមិឃុំកើតហេតុខាងលើ ខណៈកំពុងចាប់ត្រីស្រាប់តែអំពូលភ្លើងមានចរន្តធ្លាក់ចូលក្នុងទឹក ឃើញដូច្នេះបុរសជាកូនប្រសាបានយកដៃចាប់អំពូលភ្លើងនោះ ដើម្បីលើកអោយផុតពីទឹក ជាអកុសលខ្សែភ្លើងមានចរន្តអគ្គិសនីឆ្លងឆក់ស្លាប់តែម្ដង ។
ក្រោយកើតហេតុអាជ្ញាធរដ្ឋានអធិការដ្ឋាននគរបាលស្រុកបាយ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ស្រុកបាធាយ ចុះមកពិនិត្យកោសលវិច័យលើសាកសពជនរងគ្រោះ ជាលទ្ធផលបង្ហាញថា ពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ពិតប្រាកដមែន គឺពុំមានពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពិនិត្យសាកសពចប់សព្វគ្រប់ សមត្ថកិច្ចយើងបានប្រគល់សាកសព ជូនក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ វណ្ណៈ