ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខស្ទាក់តាមផ្លូវកាប់ដាច់កដៃ ខណៈធ្វើដំណើរពេលយប់ ដែលគេសង្ស័យថាអាចជាគូកំណាន់ចិត្តនារីម្នាក់ ដែលខ្លួនបាននិយាយសាសងជាមួយ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខផ្សារហ៊ុយ ឡេងស្ថិតក្នុងភូមិសឿ ឃុំសឿ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចមូលដ្ខានប្រាប់ថា ជនរងគ្រោះឈ្មោះ ដេត វណ្ណលីដា ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិបោះឡោក ឃូមខាងលើ ។
លោកអធិការរងនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរីលី ឈុនគង់ឲ្យដឹងថា បន្ទាប់ពីបានសាកសួរនិងពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនមនុស្ស៥នាក់យកសាកសួរ ។
នៅចំពោះមុខសត្ថកិច្ចក្រុមជនសង្ស័យម្នាក់ឈ្មោះ ផាន់ ជីវ៉ា បានសារភាពថា ក្រុមខ្លួនចំនួន៧នាក់បាននិងកំពុងនៅតាមផ្លូវ ។គ្រានោះពួកគេក៏បានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក៏មានចិត្តខឹងព្រោះតែជនរងគ្រោះញ៉ែសង្សារពួកម៉ាក ក៏នាំគ្នាជិះម៉ូតូតាមកាប់តែម្តងទៅ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា តាមពិតទៅក្រុមជនដៃដល់មានគំនុំជាមួយបងប្រុសជនរងគ្រោះដែលស្រឡាញ់សង្សារពួកម៉ាកពួកគេ ចំពោះការកាប់នោះ ពួកគេកាប់ច្រលំដោយស្មានថាជនរងគ្រោះគឺជាបងព្រោះរូបរាងប្រហាក់ប្រហែលគ្នា។
ករណីខាងលើយុវជន៥នាក់ហើយដែលសមត្ថកិច្ចស្រុកមង្គលបូរីឃាត់ខ្លួនបានរួមនឹងវត្ថុតាងដាវស៉ាំម៉ូរ៉ៃ ចំណែក២នាក់ទៀតកំពុងរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមរក រីឯជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ៕ វណ្ណា