ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទូរកុងតឺន័រ របស់ក្រុមហ៊ុនភេសជ្ជ​ប៉ូវកម្លាំង «ប៊ូសស្ត្រង» បើកទាក់ខ្សែភ្លើង បណ្តាលឲ្យបាក់បង្គោលខ្សែភ្លើងដើម៤ និងឆក់បុរសម្នាក់ដួលសន្លប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តដឹកទូរកុងតឺន័រ មិនប្រយ័ត្ន មកទាក់និងខ្សែភ្លើង បណ្តាលឲ្យបាក់អស់ចំនួន ៤បង្គោល។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទូរកុងតឺន័រ របស់ក្រុមហ៊ុនភេសជ្ជ​ប៉ូវកម្លាំង «ប៊ូសស្ត្រង» ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង 3A-0153 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨០០ ក្នុងពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នបានទាក់ខ្សែភ្លើង បណ្តាលឲ្យបាក់បង្គោលខ្សែភ្លើងចំនួន៤ដើម ។

ភ្លាមៗនោះ សមត្ថកិច្ច បានចុះអន្តរាគមន៍ នៅនឹងកន្លែងកើតហេតុ ហើយឃាត់អ្នកបើករថយន្តយកទៅសួរនាំ នៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែ២ មួយសន្ទុះក្រោយមក ក៏មានក្រុមខាងអគ្គិសនី បានមកដល់កន្លែងកើតហេតុ ដើម្បីរៀបចំខ្សែភ្លើង តែមិនប្រយ័ត្ន ក៏បណ្ដាលឲ្យឆក់បុរសម្នាក់ ដួលសន្លប់ស្តូកស្តឹងតែម្ដង។

បន្ទាប់ពីកើតហេតុរថយន្តបង្ក ត្រូវសមត្ថកិច្ច យកទៅរក្សាទុកឲ្យនៅការិយាល័យនគរបាល ចរាចរផ្លូវគោក រងចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ត្រូវបានក្រុមការងារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ជ្រោយ ពេជ្រ


ចែករំលែក៖