ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះចុះដកហូតឧបករណ៍នេសាទខុសច្បាប់នៅភូមិបណ្ដែតលើផ្ទៃទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ នេសាទ សហការជាមួយកម្លាំងគណៈបញ្ជាឯកភាពស្រុកក្រគរ និងស្រុកកណ្ដៀង ចុះដកហូតឧបករណ៍ខុសច្បាប់ស្ដីពីជលផល នៅភូមិបណ្ដែតលើផ្ទៃទឹក ។

ប្រត្តិបត្តិការខាងលើធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ និងឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ នេសាទ ប្រាប់ថា លទ្ធ​ផល៖ នៅឃុំកំពង់លួង ស្រុកក្រគរ ដកហូតឧបករណ៍(ឈិបយន្ត) ១ករណី វត្ថុតាងរួមមាន កាណូតសំបកឈើភ្ជាប់ម៉ាសុីនម៉ាក(ដេវូ)កំលាំង ១៥០សេះ ចំនួន ០៣គ្រឿង ដងឈិបយន្ត(ឈើ)ប្រវែង ៨ម៉ែត្រ ០១ម៉ែត្រ សាច់ឈិបយន្តចំនួន ០៣គ្រឿង ។

ប្រភពខាងលើបន្តថា នៅឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដកហូតឧប​ករណ៍ជាវត្ថុតាំងរួមមាន អ៊ួនហ៊ុំចំនួន ០១ករណីដែរ កាណូតសំបកឈើភ្ជាប់ម៉ាសុីនម៉ាក(នីសាន់)D16(6ម៉ាសុីន)ចំនួន ០១គ្រឿង កាណូតសំបកឈើភ្ជាប់ម៉ាសុីនម៉ាក​(ម៉ាស្ដា)កំលាំង ៣៥សេះ ចំនួន ០១គ្រឿង បាឡាសំបកស្មាច់ភ្ជាប់ម៉ាកសុីន ១៨សេះចំនួន ០១គ្រឿង ទូកសំប៉ានផ្ទុកសាច់អ៊ួនចំនួន ០១គ្រឿង និងសាច់អ៊ួនប្រវែងចំនួន ៦២០ម៉ែត្រចំនួន ០១គ្រឿង ។

ប្រភពដដែលបន្តទៀតថា ចំពោះវត្ថុតាងទាំងអស់រក្សាទុកជាបណ្ដោះអាសន្ន នៅសង្កាត់រដ្ឋបាលជលផល ចំណែក៖ កាណូតសំបកស្មាច់ភ្ជាប់ម៉ាសុីនម៉ាក(ម៉ាស្ដា) ៣០​សេះ កាណូតសំបកស្មាច់ភ្ជាប់ម៉ាសុីនម៉ាកបុកស័រ(៦ម៉ាសុីន) និងកាណូតសំបកស្មាច់ភ្ជាប់ម៉ាសុីនកំលាំង ៣២សេះ សរុបចំនួន ០៣គ្រឿងផ្សេងទៀត រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល ៕ បុឹម ពិន


ចែករំលែក៖