ខេត្តកំពត ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត បាន ចុះបង្រ្កាបករណីប្រើប្រាស់សារធាតុញៀន ២ករណីដែលមានទីតាំងផ្សេងគ្នាក្នុងថ្ងៃតែមួយគឺក្នុងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ដោយឃាត់ជនសង្ស័យ៥នាក់ ក្នុងនោះមានព្រះសង្ឃ៤អង្គ នៅទីតាំងវត្តដងទង់ថ្មី ក្នុងភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
មន្រ្តីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត បានឲ្យដឹងថា ករណីទី១ ឃាត់ខ្លួនបានមាន ១-ឈ្មោះ លី ចន្ធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសង្ឃ ២-ឈ្មោះ សែម វណ្ណ: ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសង្ឃ រស់នៅភូមិ-ឃុំកើតហេតជាមួយគ្នា ម្នាក់ទៀតឈ្មោះ សួន សីហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ។
ចំណែកករណីទី២ បង្រ្កាបជនសង្ស័យបាន២នាក់ទៀតនៅចំណុចវត្តក្រាំងស្បូវ ស្ថិតនៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ទី១– ឈ្មោះ កុច ចាន់ពិសិទ្ធិ ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិគោកអំពៅ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ជាសង្ឃ ទី២ឈ្មោះ មឿន វិច្ឆិកា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិតាឡង់ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ជាសង្ឃ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថានៅវត្តទាំងពីរខាងលើ មានព្រះសង្ឃឆាន់គ្រឿងញៀន ទើបសមត្ថកិច្ចជំនាញចុះទៅដល់វត្តស្រាវជ្រាវរកភស្តុតាងជាក់ស្តែង ក៏ឃាត់ខ្លួនព្រះសង្ឃទាំង៤អង្គនិងគ្រហស្ថម្នាក់ រួចបានសុំព្រះចៅអធិការវត្តផ្សឹកឲ្យសង្ឃ៤អង្គនេះទទួលទោសតាមច្បាប់តែម្តង ៕ ដោយ៖ប្រាថ្នា