ខេត្តបន្ទាយមានជ័យ ៖ លោក តាន់ ផាន់ណារ៉ា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានដឹកនាំក្រុមការងារចុះអន្តរាគមន៍បង្ក្រាបរថយន្ត១គ្រឿងបានលួចដឹកសត្វមាន់រស់ចំនួន១.២៥០ក្បាល ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ដោយដឹកចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកចម្ការគរ ក្នុងភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៨យប់ថ្ងៃព្រហស្បតិ៍ ១១រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាក្រុមអន្តរាគមការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់រថយន្តមួយគ្រឿងម៉ាករថយន្តធំដឹកទំនិញពណ៌ សលាយ ត្រួយចេក នៅទីតាំង ផ្លូវជាតិលេខ៥ ក្នុងភូមិនិមិត្ត១ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់រថយន្តនិងមាន់រស់ហើយសមត្ថកិច្ចបានឆែកក្នុងរថយន្តរកឃើញសត្វមាន់រស់ចំនួន ១៥១តាកាស្មើ១.២៥០ក្បាល ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ពេលនោះ មន្ត្រីជំនាញ បាននាំយករថយន្តល្មើសខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីបង្ខាំងទុកនៅកន្លែងចត្តាឡីស័កការិយាល័យស្ថិតនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់និងចាត់ការតាមវិធានពេទ្យសត្វជាបន្តទៀត ៕ សហការី