ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្តផ្ទុកសារធាតុញៀនម្នាក់ បម្រុងបំបុកនគរបាលពេលកំពុងអនុវត្តន៍ការងារ តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះលោក អាត ចន្ឌ័ដារា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនតៃកុងរថយន្តម្នាក់ ករណីបើករថយន្តបម្រុងបំបុកក្រុមមន្ត្រីនគរបាលខេត្ត កំពុងតែរឹតបន្តឹងច្បាប់ចរាចរណ៍ ដែលតៃកុងរូបនេះ មានផ្ទុកសារធាតុញៀននៅក្នុងពេលបើកបរផងដែរ តាមមាត្រា៧៥ ,៧៦ និង៦៨ នៃច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក។

ហេតុការណ៌នេះបានកើតឡើងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅភូមិទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកឧត្តមសេនីយ៌ត្រី វ៉ែន សាវិន ស្នងការរងទទួលផែនចរាចរណ៌នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់អោយដឹងថា ៖ ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សារុន សុវណ្ណារ៉ា ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ ព្រមទាំងមន្ត្រីការិយាល័យចរាចរណ៍ផងដែរ។

លោកឧត្តមសេនីយ៌ត្រីបានបន្តថា យុវជនដែលបើករថយន្តបម្រុងបំបុកនគរបាលនោះមាន ឈ្មោះ ថន ដាវីត អាយុ២១ឆ្នាំ គ្មានបណ្ណបើកបរ បើករថយន្តបែនចង្កូតស្តាំ មួយគ្រឿង ពាក់ស្លាកលេខ TK-0614 បើកបរក្នុងល្បឿនលឿន, ពេលនោះសមត្ថកិច្ចក៏ធ្វើសញ្ញាបញ្ជាឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែអ្នកបើកបរខាងលើបែរជាគេចវេស ហើយបន្ថែមល្បឿនកាន់តែលឿន សំដៅមកគោលដៅឈរ ត្រួតពិនិត្យរបស់សមត្ថកិច្ច ធ្វើឱ្យសមត្ថកិច្ចគេចចេញពីមុខរថយន្ត ដើម្បីជាសវាងគ្រោះថ្នាក់។

បន្ទាប់មកសមត្ថកិច្ច បានដេញតាមចាប់រថយន្តល្មើស បានប្រមាណ២គីឡូម៉ែត្រ ពីគោលដៅត្រួតពិនិត្យទើបឃាត់បានរួចបញ្ជូនមកការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ហើយបានធ្វើការត្រួតពិនិត្យ និងធ្វើតេស្តអ្នកបើកបរ រកឃើញមានសារធាតុញៀនវិជ្ជមានផងដែរ៕ ឆ ដា


ចែករំលែក៖