ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូគេយកទៅលក់យកលុយទិញថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖  មុខសញ្ញាលួចម៉ូតូម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន កាលពីម៉ោង២១និង៣០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួចម៉ូតូនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
  ជនសង្ស័យឈ្មោះសូ រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។      ចំណែកជនរងគ្រោះឈ្មោះ ប៉ក់ សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
     មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌបានអោយដឹងថា  នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១CC-៥១៤៣ នៅចំណុចកើតហេតុ ដោយចាក់សោកម៉ូតូទុកត្រឹមត្រូវ រួចចុះទៅរកត្រីក្នុងបឹងមួយកន្លែងនៅក្បែរនោះ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ឈ្មោះ សូ រដ្ឋា និងឈ្មោះបុត្រ បានធ្វើសកម្មភាពយកកូនសោម៉ូតូផ្សេង មកចាក់ម៉ូតូជនរងគ្រោះ ជិះគេចខ្លួន ។
    លុះដល់ថ្ងៃចាប់ខ្លួន ជនសង្ស័យ ជិះម៉ូតូទៅរកលក់ឲ្យគេនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយដោះស្លាកលេខ  ដោះកុងទ័រ  ដោះក្បាំង និងកាងម៉ូតូចេញអស់ លក់ឲ្យគេបានលុយ ចំនួន៥០ដុល្លារ ហើយប្រាក់នោះក៏ចាយអស់គ្មានសល់ ហើយជនរងគ្រោះក៏ប្រទះឃើញ បានរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យ និងត្រួតពិនិត្យរកឃើញ ក្រាម ពណ៌សថ្លា ០៤កញ្ចប់ថង់តូច រួចបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ សណ្តោស

ចែករំលែក៖