ភ្នំពេញ៖ជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមដងផ្លូវ តែមិនបានសម្រេចនោះទេ បែរជាដួលម៉ូតូខ្លួនឯងទៅវិញ រួចក៏រត់ចោលម៉ូតូបាត់ ក្រោយមកប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីជិតខ្លោងទ្វារវត្តទួលសុភាឃួន ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍កាកាបទី២ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ដោយប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីខាងលើ ក៏បានឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក ស៊ុយសូគីនិច ពណ៌ស អត់ស្លាកលេខ ធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ តែមិនបានសម្រេចនោះទេ ថែមទាំងដួលម៉ូតូខ្លួនឯងនៅកណ្តាលផ្លូវទៀត ខណៈនោះជនសង្ស័យខាងលើក៏រត់គេចខ្លួនបាត់ ទើបប្រជាពលរដ្ឋទាក់ទងទៅនគរបាលភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានទទួលម៉ូតូជនសង្ស័យខាងលើ និងយកទៅប្រគល់ទៅផ្នែកជំនាញរក្សាទុកបន្ត ៕សុខាសែនជ័យ

