ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២០ នេះលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទបាញ់ថ្នាំសម្លាប់មេរោគឆ្លងផ្សេងៗ តាមបណ្តាការិយាល័យផ្សេងៗ ក្នុងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ។
លោកជួន ណារិន្ទបានឲ្យដឹងថា ដោយមានការឧបត្ថម្ភគាំទ្រពីគណៈបញ្ជាការឯកភាពខេត្ត ដែលមានលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានបានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រ៊ី ស្នងការរងផែនភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំកងកម្លាំងនគរបាលការិយាល័យសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មេរោគផ្សេងៗ តាមបណ្តាលការិយាល័យនានា ក្នុងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជាពិសេសវីរុសឆ្លង COVID-19 ។ ដូច្នេះពេញមួយព្រឹកថ្ងៃទី២៤មីនានេះ នៅគ្រប់ការិយាល័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគផ្សេងៗរួចហើយ ដែលនេះជាការរួមចំណែកកាត់បន្ថយជំងឺរាតត្បាតកូវីដ-១៩ផងដែរ ៕ សហការី