ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង រីឯប្ដីរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះ ខណ:រូបគាត់ទាំងពីរជិះម៉ូតូឌុបគ្នាហេីយឈប់ភ្លេីងស្ទុប ក៏ត្រូវរថយន្តដឹកសុីម៉ងក្រុមហ៊ុនCamel បើកលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូពីរក្រោយពេញទំហឹងនិងកិនពីរនាក់ប្ដីប្រពន្ធ និងអូសម៉ូតូប្រហែល ៣០០ទៅ៤០០ ម៉ែត្រទើបប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១៥ នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចស្តុបបាគូរ តាមបណ្ដោយផ្លូវ២១៧ កែងផ្លូវ៥០ម៉ែត្រ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-1752 បានឌុបគ្នាតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុជនរងគ្រោះបានឈប់ស្តុបដើម្បីរង់ចាំភ្លើងស្តុបបត់ឆ្វេងឡើងទៅផ្លូវ៥០ម៉ែត្រ ស្របពេលនោះក៏មានបុរសម្នាក់បានបើករថយន្តធុនធំដឹកសុីម៉ងរបស់ក្រុមហ៊ុនCamel ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលមកបុកម៉ូតូពេញទំហឹង និងកិនប្ដីប្រពន្ធទាំងពីរនាក់ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់នៅកន្លែងកើតហេតុ ចំណែកបុរសជាប្តីបានដាច់មួយកំណាត់ខ្លួនងរបួសធ្ងន់ធ្ងរ ។ ចំណែកអ្នកបើកបររថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុទេ ដោយព្យាយាមបេីកទៅមុខទាំងអូសម៉ូតូប្រហែល៤០០ម៉ែត្រទើបអ្នកធ្វើដំណើរតាមផ្លូវដេញតាមឃាត់ឲ្យឈប់នឹងចាប់អ្នកបេីកបរប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែង យករថយន្តនិងម៉ូតូប្រគល់ឲ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ រីឯបុរសជាប្ដីដែលដាច់មួយកំណាត់ខ្លួនត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំណែកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ដោយ ៖ ភារ៉ា ដង្កោ





