ខេត្តរតនគិរី ៖ មេឃុំសេដា និងមេឃុំប៉ាតេ សម្រេចបិទភូមិចំនួន៧ មិនឲ្យប្រជាពលរដ្ឋ ដែលមិនស្គាល់មុខ ចេញ-ចូលនោះឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍របស់ខ្លួន។
ការសម្រេចបិទភូមិនេះ បើតាមមេឃុំខាងលើបញ្ជាក់ថា៖ បានធ្វើឡើងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងតាមការស្នើរបស់ប្រជាពលរដ្ឋក្នុងភូមិនោះតែម្ដង។
លោកអង ប៊ុនធៀង មេឃុំសេដា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះថា៖ លោក បានសម្រេចបិទចំនួន៣ភូមិ គឺភូមិប៉ម ភូមិថ្មី និងភូមិឡិក កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ហើយការបិទនេះ កុំឲ្យភ្ញៀវចេញចូលច្រើនពេក ព្រោះការចម្លងជំងឺយើងមើលមិនឃើញនោះទេ។ ចំណែកភូមិធំៗ ដូចជាភូមិប៉ាទាត់ ភូមិសាមុត្រលើ ភូមិសាមុត្រក្រោម ជាប់នៅផ្លូវធំ មិនមានការបិទទេ មានរថយន្តចរាចរចេញចូលធម្មតា។
ចំណែកលោកឆាយ ធី មេឃុំប៉ាតេ បានបញ្ជាក់ផងដែរថា៖ ចំពោះឃុំប៉ាតេរបស់លោក មានការបិទចំនួន៤ភូមិ គឺភូមិគងធំ ភូមិគងយុក ភូមិប្លង់ និងភូមិប្អរ ហើយការសម្រេចបិទនេះ ដើម្បីបង្ការអ្នកចម្ងាយ ហើយយើងត្រួតពិនិត្យអ្នកដំណើរ ជាពិសេសអ្នកមកពីថៃតែម្ដង។ ការបិទនេះ ធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដែលកន្លងមកបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ហើយឃុំរបស់លោកបានអនុវត្តរួចហើយ ចំណែកពិធីមង្គលការ ក៏បានឯកភាពគ្នារួចហើយ ក្នុងការលើកពេល។
លោកបានបន្តទៀតថា៖ ការបិទនេះ មិនមែនបិទចរាចរទាំងស្រុងនោះទេ នៅតែចេញចូលបាន គ្រាន់តែរឹតបន្តឹងការត្រួតពិនិត្យមើលអ្នកដំណើរថាតើគាត់មកពីណា ពីចម្ងាយ ឬមុខប្លែកអីជាដើម យើងសួរនាំគាត់ មិនឲ្យគាត់ចូលឃុំ ដោយសារយើងបង្ការ ការឆ្លងជំងឺកូវីដ១៩ ពិសេសជាងនេះទៅទៀត អ្នកមកពីថៃ ដោយសារឃុំនេះ មានអ្នកមកពីថៃផងដែរ ហើយការបិទនេះយើងនឹងអាចដឹងថាគាត់មកពេលណា ដើម្បីដាក់នៅដោយឡែក នេះជាការគ្រប់គ្រងដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩នេះ។
ឆ្លើយនឹងសំណួរថា៖ នៅឃុំប៉ាតេ មានអ្នកគួរឲ្យសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩ដែរ ឬយ៉ាងណានោះ លោកមេឃុំ បានបញ្ជាក់ថា នៅឃុំរបស់លោក មិនមែនអ្វីគួរឲ្យសង្ស័យនោះទេ ប៉ុន្តែយើងធ្វើនេះដើម្បីបង្ការអ្នកមកពីខាងក្រៅចេញចូល ខ្លាចមានសមាសភាពមកពីបរទេសអីជាដើម។ ចំពោះការបិទនេះ ធ្វើឡើងជាបន្តបន្ទាប់តាំងពីថ្ងៃទី២១ ខែមីនា រហូតមដល់ពេលនេះ តាមការស្នើសុំរបស់សហគមន៍ ប្រជាពលរដ្ឋក្នុងភូមិ ដែលជាជនជាតិដើមភាគតិច មានចាស់ទុំ មានមេកន្ទ្រាញអីជាដើម ដោយកន្លងមកខាងឃុំគ្រាន់តែធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលប៉ុណ្ណោះ ហើយពួកគេក៏ពិភាក្សាគ្នាដើម្បីសុវត្ថិភាព ក៏ស្នើបិទភូមិនេះតែម្ដង៕ សហការី