ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរនិងរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវជាតិលេខ១ អោយមាន
របៀបរៀបរយ នៅវេលាម៉ោង៤ព្រឹក ព្រលឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោកចេង មុនីរ៉ា ខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះបោសសំអាតផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ក្នុងនោះក្រុមសន្តិសុខប្រចាំនៅសាលាខណ្ឌច្បារអំពៅបាននាំគ្នាបោសសំអាតដីខ្សាច់ដែលធ្លាកមកលើផ្លូវ ធ្វើអោយប៉ះពាល់ដល់បរិស្ថាន និង ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីភូមិបឹងឈូក សង្កាត់និរោធ ដល់ផ្សារច្បារអំពៅ ។ ដីខ្សាច់ទាំងអស់នេះធ្លាក់ចេញពីឡានដឹកខ្សាច់ និងឡានដីកដី ព្រោះនៅក្នុងភូមិសាស្ត្រសង្កាត់និរោធ និងសង្កាត់វាលស្បូវ សំបូរទៅដោយដេប៉ូលក់ខ្សាច់និងទីតាំងក្រឡុកស៉ីម៉ង់ត៍ ។
សូមបញ្ជាក់ថាបញ្ហាសណ្តាប់ បរិស្ថាន អនាម័យ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅមានភាពស្មុគ្រស្មាញគឺនៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់តំបន់ច្រាំងបាក់សំបូរទៅដោយដេប៉ូលក់ឈើហើយរថយន្តដឹកឈើប្រភេទយីឌុប ភ្លៅ៤ ភ្លៅ៥ ចូលចតទាំងថ្ងៃទាំងយប់ មួយផ្នែកទៀតនៅតំបន់ផ្សាចាមក្នុងសង្កាត់ព្រែកប្រាក៍កំពុងតែធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ផងដែរ ។ ដោយឡែកនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលជាផ្លូវសេដ្ឋកិច្ចដ៍សំខាន់មានភ្ញៀវទេសចរណ៍អន្តរជាតិឆ្លងកាត់ជារៀងរាល់ថ្ងៃ ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅយកចិត្តទុកដាក់ចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ។ ទោះជាមានការយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់និងបរិស្ថានអនាម័យយ៉ាងណាក៍ដោយ រថយន្តដឹកខ្សាច់ ដឹកដី នៅតែជាបញ្ហាប្រឈមដដែលក្នុងមួយថ្ងៃៗដឹកជញ្ជូនគគ្រឹកគគ្រេង មួយផ្នែកទៀតអ្នកលក់ដូរមួយចំនួននៅមិនទាន់ចូលរួមជាមួយអាជ្ញាធរឡើយ ពោលគឺនៅតែរំលោភលើដីចំណីផ្លូវដាក់តាំងលក់ទំនិញសព្វសារពើរដដែល ជាពិសេសក្នុងសង្កាត់វាលស្បូវ សង្កាត់ព្រែកឯង ដោយឡែកភាពរញ៉េរញ៉ៃធ្វើអោយបាត់បង់សណ្តាប់ដែលបង្ករឡើងដោយរថយន្តតាក់ស៉ីក៍ជាបញ្ហាផងដែរ មកដល់ថ្ងៃនេះចិញ្ចើមផ្លូវជាតិលេខ១នៅក្នុងសង្កាត់វាលស្បូវនិងសង្កាត់ព្រែកឯងមិនទាន់មានសណ្តាប់ធ្នាប់នៅឡើយទេ ៕ដោយ៖ សណ្តោស