ភ្នំពេញ៖ ឧកញ៉ា សូ ងួន នាយកក្រុមហ៊ុន សូ ងួន ដឹកជញ្ជូន &សេវា អាហរ័ណ នីហរ័ណ SO NGUON TRANSPORTATION & SERVICE IMPORT EXPORT CO.,LTD និង ឧកញ៉ា ស្រី វុទ្ធី នាយកក្រុមហ៊ុន ងួន វុទ្ធី ត្រេឌីង ឌីវើឡុបមិន ខបផូរ៉េហ្សិន Ngoun Vothy Trading Develepment Coperation Co.,Ltd ត្រូវបានខាងអគ្គនាយកដ្ឋានពន្ធដារ ជម្រាបជូន មកទូទាត់បំណុលពន្ធ បង់ជូនរដ្ឋ ។
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា៖ ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចអ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញនូវឧកញ៉ា នាយកក្រុមហ៊ុន មកដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុន ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែឧកញ៉ានាយក មិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។
ប្រតិភូរាជរដ្ឋាភិបាល លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា៖ ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ ឧកញ៉ានាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិ ស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា១២៧ ១៣៥ និងមាត្រា១៣៦ នៃច្បាប់ស្តីពី សារពើពន្ធ ហើយ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយរាល់ការចំណាយជាបន្ទុករបស់ឧកញ៉ា ជាម្ចាស់ក្រុមហ៊ុន៕សុខខេមរា