សហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ (RFEF) បានសន្យាផ្ដល់ប្រាក់ ៥០០លានអឺរ៉ូ ដើម្បីជួយដល់បណ្ដាក្លិបក្នុងប្រទេសខ្លួន ដែលកំពុងជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតមេរោគកូរ៉ូណា។
ប្រាក់ទាំងនេះ នឹងអាចជួយសម្រួលបន្ទុកបណ្ដាក្លិបបានខ្លះ អំឡុងពេលពួកគេ ពុំមានសកម្មភាពបាល់ទាត់ ជាហេតុធ្វើឱ្យក្លឹបបាត់ចំណូល ហើយក្លឹបត្រូវសងត្រឡប់វិញក្នុងរយៈពេល៥ឆ្នាំ។ RFEF ក៏បានសន្យាផ្ដល់ប្រាក់កម្ចីចំនួន ៤ លានអឺរ៉ូផងដែរ ដល់បណ្ដាក្រុមបាល់ទាត់មិនមែនអាជីពផងដែរ។ នេះតាមការឱ្យដឹងរបស់សារព័ត៌មាន BBC ។
អត្រាអ្នកស្លាប់ក្នុងប្រទេសអ៉េស្បាញដោយជំងឺកូរ៉ូណា មានចំនួន ៣,៤៣៤ ច្រើនជាងប្រទេសចិនទៅទៀតបើគិតត្រឹមខែមីនា ឆ្នាំ២០២០ និងជាប្រទេសមានអ្នកស្លាប់ច្រើនលំដាប់ទី២ បន្ទាប់ពីអ៊ីតាលី។ លោក Luis Rubiales ប្រធាន RFEF បាននិយាយថា ៖«យើងចង់អង្គុយតុជាមួយ La Liga ដើម្បីជជែកអំពីបញ្ហា ដែលក្លឹបទាំងអស់អាចនឹងកើតមាន»។
ជាមួយការមិនពេញចិត្ត ហើយបដិសេធកាត់ប្រាក់ឈ្នួលខ្លះ FIFA ក៏បានចេញលិខិតស្នើឱ្យភាគីកីឡាករ យល់ពីស្ថានភាពលំបាកនេះ ដើម្បីចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងមេរោគដ៏កាចសាហាវកូរ៉ូណា ។
ពាក់ព័ន្ធនឹងបញ្ហានេះសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក៏បានកោះប្រជុំ ហើយបានស្នើដល់កីឡាករបាល់ទាត់ទាំងអស់ កាត់ប្រាក់ឈ្នួលពាក់កណ្ដាលដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយមេរោគកូរ៉ូណា ៕ ដោយ៖ ធីរីណា