ភ្នំពេញ៖ ថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។ ក្រុមហ៊ុន តាយជី គ្រុប នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុនភ្នំពេញបាយអូហ្វាម៉ា នៃព្រះរាជាណាចក្រកម្ពុជា បានបរិច្ចាគ ឱសថ ហួ សៀង ចំនួន៧២០ប្រអប់ (ក្នុង១ប្រអប់មាន៥ដប) ជូនដល់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (Covid-19) ដែលមកពីសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ប្រើប្រាស់ និងព្យាបាលអ្នកជំងឺដែលឆ្លង រឺសង្ស័យថាឆ្លងជំងឺកូវីដ-១៩ (Covid-19) ។
សូមរម្លឹកថា៖ នៅថ្ងៃទី០៣ មីនា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក នៃសាធារណរដ្ឋប្រជាមានិតចិន (WHO China Office) បានធ្វើការបកប្រែពី National Health Commission & State Administration of Traditional Chinese Medicine របស់សាធារណរដ្ឋប្រជាមានិតចិន (Trial Version 7) អំពីការប្រកាសពីវិធានការក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៃជំងឺកូវីដ-១៩(Covid-19) ។ ក្នុងនោះ ឱសថ ហួ សៀង ជាឱសថមួយក្នុងចំណោមឱសថផ្សេងទៀត ដែលត្រូវបានជ្រើសរើសសម្រាប់ព្យាបាលតាមរោគសញ្ញាមួយចំនួនរបស់អ្នកជំងឺកូវីដ – ១៩ (Covid-19) នៅក្នុងមន្ទីរពេទ្យនៃទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងពេលថ្មីៗនេះ។
សូមបញ្ជាក់ផងដែរថា៖ ឱសថ ហួ សៀងនេះ មិនមែនប្រើប្រាស់សម្រាប់ប្រឆាំងនឹង វីរុសកូរ៉ូណាទេ ប៉ុន្តែឱសថ ហួ សៀង ដាក់អោយប្រើប្រាស់ និងព្យាបាលក្នុងករណីដែលលេចឡើងនូវរោគសញ្ញាគ្លីនិករបស់អ្នកជំងឺមួយចំនួន ដូចជា ៖ បញ្ហាលើប្រព័ន្ធរំលាយអាហារ ក្អួត ចង្អោរ រាគរូស អស់កំលាំង តឹងទ្រូង និងបង្កើនប្រព័ន្ធភាពស៊ាំ ដើម្បីការពាររាងកាយរបស់អ្នកជំងឺអោយមានភាពរឹងមាំ។
ឱសថបុរាណចិន ប្រភេទទឹក ហួ សៀង គឺជាឱសថដែលមានប្រវត្តិប្រើប្រាស់ក្នុងសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាង ១២០០ ឆ្នាំមកហើយ។ ឱសថបុរាណចិននេះ ផលិតចេញពីស្មៅរុក្ខជាតិ គ្មានផលប៉ះពាល់ដល់សុខភាព ហើយចម្រាញ់ចេញដោយប្រើបច្ចេកវិទ្យាទំនើបទៅតាមស្តង់ដាដែលមានគុណភាព ប្រសិទ្ធភាព ងាយស្រួលផឹក គ្មានជាតិអាល់កុល។ ឱសថនេះក៏ត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន ភ្នំពេញបាយអូហ្វាម៉ា បានចុះបញ្ជិកាជាឱសថបុរាណស្របច្បាប់ (លេខបញ្ជិកា CAM N០០៥២IT-១៨) ទទួលស្គាល់ដោយ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕ សហការី