ភ្នំពេញ ៖ កាលពីម៉ោង៦ល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដោយទទួលបានបទបញ្ជាពីលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ រួមទាំងក្រុមការងារ បានចុះទៅដល់ទីតាំងមួយកន្លែងដែលជាប់ពាក់ព័ន្ធនឹងការបង្ហោះលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 និងឃាត់ខ្លួននារីម្នាក់យកមកសាកសួរនៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌប្ញស្សីកែវ ។
គណៈបញ្ជាការឯកភាព ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ដោយមានការការចូលរួមសម្របសម្រួលពី លោក ស៉ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ អធិការរងខណ្ឌ មន្ត្រីនគរបាលខណ្ឌ-សង្កាត់ និងតំណាងអាជ្ញាធរសង្កាត់ គីឡូម៉ែត្រ ៦ បានចុះទៅដល់ទីតាំងមួយកន្លែងដែលជាប់ពាក់ព័ន្ធនឹងការបង្ហោះលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 នៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់ គ.ម ៦ ខណ្ឌប្ញស្សីកែវ ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា នារីដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ វ៉ា វួចគៀងអាយុ២៦ឆ្នាំ មុខរបរលក់ឥវ៉ាន់តាមប្រព័ន្ធអនឡាញ ជាម្ចាស់ផ្ទះជួល បានប្រើប្រាស់ Facebook Page ឈ្មោះ Rama Brand Shop បង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ។
ការឃាត់ខ្លួននេះ គឺ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ ។
ឈ្មោះ វ៉ា វួចគៀង បានរៀបរាប់ថា ខ្លួនគ្រាន់តែជួយបង្ហោះផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីលក់ឧបករណ៍នេះ អោយឈ្មោះ ម៉ូនីតា សុខ ប៉ុណ្ណោះ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក តែប្រសិនបើ មានអ្នកកុម្ម៉ង់ទិញ គឺ ខ្លួននឹងឆាត ទៅ Facebook មានឈ្មោះ Monita Sok ដើម្បីទទួលឥវ៉ាន់យកមកលក់បន្ត ។ ប៉ុន្តែជាក់ស្ដែង ឈ្មោះ វ៉ា វួចគៀង នេះ ពុំទាន់ទទួលបានឧបករណ៍នោះនៅឡើយទេ ។
បច្ចុប្បន្ននេះ នគរបាលខណ្ឌឫស្សីកែវ បាននាំខ្លួនអ្នកលក់តាមប្រព័ន្ធអនឡាញរូបនេះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំបន្តទៀត និង កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ