ព័ត៌មានទាន់ហេតុការណ៍៖

ឱសថស្ថានចំនួន១២កន្លែង នៅប្លុកផ្សារតាប៉ាង ត្រូវអាជ្ញាធរចុះត្រួតពិនិត្យក្រែងមានលក់ឧបករណ៍តេស្តកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ក្រុមឈ្មួញដែលឆ្លៀតឱកាសលួចលក់ឧបករណ៍តេស្តកូវីដ១៩ ដែលក្រសួងសុខាភិបាលកម្ពុជាហាមឃាត់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើការត្រួតពិនិត្យតាមឱសថស្ថានចំនួន១២កន្លែង នៅប្លុកផ្សារតាប៉ាង ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ការចុះត្រួតពិនិត្យខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ដឹកនាំផ្ទាល់ដោយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាក់ស្តែងជាលទ្ធផលមិនមានឱសថស្ថានណាមួយលក់ឧបករណ៍ដែលក្រសួងហាមឃាត់នោះទេ ។

តាមប្រភពព័ត៍មានពីមន្រ្តីជំនាញដែលចុះប្រតិបត្តិការផ្ទាល់ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ទៅនឹងក្រុមជនខិលខូចមួយចំនួនដែលតែងតែឆ្លៀតឱកាសលួចលក់ឧបករណ៍តេស្តកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់ ខណៈដែលប្រទេសកម្ពុជាកំពុងតែមានការឆ្លងមេរោគកូវីដ១៩ ដូច្នេះហើយអាជ្ញាធរបានចុះត្រួតពិនិត្យទីតាអឱសថស្ថានចំនួន១២ នៅម្តុំផ្សារតាប៉ាង ជាក់ស្តែងតែម្តង ។

ក្រោយត្រួតពិនិត្យរួច មិនមានថាឱសថស្ថានណាមួយមានលក់ឧបករណ៍ដែលក្រសួងហាមឃាត់នោះទេ ហេីយក្រុមការងារក៏បានណែនាំអប់រំបន្ថែមដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ជាពិសេសគឺចូលរួមសហការក្នុងការទប់ស្កាត់ការលក់ឧបករណ៍ដែលក្រសួងហាមឃាត់នេះ៕ដោយ៖ ស តារា


ចែករំលែក៖