ខេត្តសៀមរាប៖ បងប្អូនមហាជននៅក្នុងបណ្តាញសង្គម បង្ហាញនូវការកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តដ៏កម្ររបស់ម្ចាស់ផ្ទះជួលមួយកន្លែងនៅក្នុងខេត្តសៀមរាប ដែលបានសម្រេចចិត្តមិនយកថ្លៃបន្ទប់ជួលស្នាក់នៅចំនួន ៣ ខែ សម្រាប់បងប្អូនជាអ្នកស្នាក់នៅបន្ទប់ជួលទាំងអស់ចំនួន១០បន្ទប់ (ចាប់ពីខែនេះទៅ) ដោយសារតែមានការយល់ឃើញថា ពួកគាត់ទាំងអស់មានការធ្លាក់ចុះនៃប្រាក់ចំណូល នៅក្នុងស្ថានភាពមានការផ្ទុះឡើងនៃជំងឺ Covid-19 ដ៏កាចសាហាវនៅក្នុងប្រទេសកម្ពុជាក៏ដូចជាលើពិភពលោក ។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ “ដឺមី សុខាគង់” ដែលជាម្ចាស់បន្ទប់ជួលបានបង្ហោះឲ្យដឹងនៅថ្ងៃទី២៩មីនាឆ្នាំ២០២០នេះថា៖ “ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារដែរជាម្ចាស់ផ្ទះមួយមានបន្ទប់ជួលចំនួន១០បន្ទប់ ដែលមានបងប្អូនស្នាក់នៅគ្រប់បន្ទប់ទាំងអស់ នៅភូមិសាលាកន្សែងឃុំសាលាកន្សែងស្រុក-ខេត្តសៀមរាប។
ដោយសារតែមានជំងឺ Covid 19 ដ៏កាចសាហាវនេះ ខ្ញុំបាទជាម្ចាស់ផ្ទះនេះមិនយកថ្លៃបន្ទប់ជួលចំនួន៣ខែដោយចាប់ពីរខែនេះទៅ« សូមអរគុណ» ។
ការប្រកាសតាមហ្វេសប៊ុករបស់ម្ចាស់ផ្ទះជួលខាងលើនេះ បានធ្វើឲ្យមហាជន ជាពិសេសបងប្អូនខ្មែរធ្វើការងារតាមក្រុមហ៊ុននិងអ្នករកស៊ីលក់ដូរ មកជួលបន្ទប់គាត់ស្នាក់នៅទីនោះបានសម្តែងការសប្បាយចិត្ត និងកោតសរសើរទឹកចិត្តម្ចាស់ផ្ទះរហូតហូរទឹកភ្នែក ដោយគិតថា នេះពិតជាខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ដឹងទុក្ខធុរៈគ្រាដែលខ្មែរគ្នាឯងជួបទុក្ខលំបាកពេលជួបវិបត្តិវីរុសកូវីដរីករាលដាលនៅក្នងប្រទេសនិងលើសកលលោក។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០មីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺ COVID-19 ៤នាក់ទៀតបន្ថែមទៀត ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ១០៧ នាក់ និងបានព្យាបាលជាសះស្បើយចំនួន ២នាក់ទៀត(សរុប ២៣នាក់) ដោយពុំមានអ្នកស្លាប់នោះឡើយ ៕ ដោយ៖ ប្រាថ្នា