ព័ត៌មានទាន់ហេតុការណ៍៖

ឆបោកម៉ូតូមិត្តភក្តិយកទៅបាត់ ៤ថ្ងៃក្រោយប្រទះឃើញម៉ូតូនៅមុខហាងអ៊ីនធើណេតមួយកន្លែង ក្នុងតំបន់បឹងកក់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសម្នាក់ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ ខណៈដែលគាត់បានប្រទះឃើញម៉ូតូរបស់ខ្លួននៅមុខហាងអ៊ីនធើណេតមួយកន្លែង ក្នុងតំបន់បឹងកក់ បន្ទាប់ពីជនសង្ស័យជាមិត្តភក្តិ បានប្រើល្បិចឆបោកយកទៅបាត់កាលពី៤ថ្ងៃមុន ។

ករណីខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១និង៣០ព្រឹក ថ្ងៃទី១ខែមេសា ឆ្នាំ២០២០ ស្ថិតនៅមុខហាងអ៊ីនធើណេតមួយកន្លែងគ្មានស្លាកយីហោ ខាងមុខព្រះវិហារឥស្លាម(អតីតប្លុកបឹងកក់) តាមបណ្តោយផ្លូវលេខ៨៦ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ សុខ ប៊ុនឡុង អាយុ ១២ឆ្នាំ ស្នាក់នៅម្តុំផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានឪពុករបស់ខ្លួនឲ្យដឹកជនសង្ស័យដែលជាមិត្តភក្តិនិងគ្នា ពីផ្សារសាំហាន់ទៅម្តុំផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ីយគីស៊ូឃុតពណ៌ខ្មៅ គ្មានស្លាកលេខ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គឺកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ក្មេងប្រុសរងគ្រោះ ត្រូវបានឪពុករបស់ខ្លួនត្រូវជាមិត្តភក្តិជនសង្ស័យ ឲ្យឌុបចេញពីផ្សារសាំហាន់ ក្នុងខណ្ឌឫស្សីកែវ ទៅម្តុំផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ ។ លុះទៅដល់ក្បែរផ្សារកណ្ដាលជនសង្ស័យបានឲ្យក្មេងប្រុសរងគ្រោះ ១០,០០០រៀល រួចឲ្យក្មេងប្រុសរងគ្រោះចុះពីលើម៉ូតូហើយក៏បើកគេចខ្លួនបាត់ទៅ ។

ក្រោយកើតហេតុក្មេងប្រុសរងគ្រោះ និងក្រុមគ្រួសារមិនបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនោះទេ រហូតដល់ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ បងស្រីរបស់ជនរងគ្រោះមកលក់បាយនៅខាងក្រោយពេទ្យកាល់ម៉ែត ក៏ឃើញគេជិះម៉ូតូរបស់ខ្លួននៅម្តុំខាងក្រោយពេទ្យ ទើបប្រាប់ក្រុមគ្រួសារតែម្តង ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ក្រុមគ្រួសារជនរងគ្រោះបានដើររកនៅប្លុកបឹងកក់ ស្រាប់តែប្រទះឃើញម៉ូតូរបស់ខ្លួនឈប់នៅមុខហាងណេត២៤ម៉ោង ខាងមុខព្រះវិហារឥស្លាម រួចប្តឹងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ ។ ប៉ុន្តែពេលសមត្ថកិច្ចចុះទៅដល់ជនសង្ស័យបានគេចខ្លួនបាត់ស្រមោល មិនដឹងពីពេលណា ។

បច្ចុប្បន្នម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចផ្ទៀងផ្ទាត់ឯកសារត្រឹមត្រូវ រួចបានប្រគល់ឲ្យម្ចាស់វិញ នៅសល់តែតួ និងម៉ាស៊ីន ប៉ុណ្ណោះ ៕ ស រស្មី


ចែករំលែក៖