ខេត្តត្បូងឃ្មុំ ៖ មន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តត្បូងឃ្មុំឲ្យដឹងថា អំពើពុករលួយកំពុងកើតយ៉ាងពេញបន្ទុកក្រោមការគ្រប់គ្រងលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ដែលជាប្រភព ឆ្នាំងបាយរកចំណូលដ៏សំខាន់ជាមួយលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ។
ការទម្លាយព័ត៌មានបែបនេះ បន្ទាប់ពីមានវីដេអូឃ្លីបដែលថតជាក់ស្តែងកាលពីវេលាយប់ថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២០ នៅស្ថានីយ៍ថ្លឹងទម្ងន់រថយន្តថ្នល់ទទឹង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមរយៈវីដេអូឃ្លីប អមជាមួយពាក្យពេចន៍បង្ហាញពីក្រុមរថយន្តដឹកធ្ងន់ៗ បើកឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹងខាងលើ ផ្ញើមកកាន់អង្គភាពព័ត៌មាននគរដ្រេហ្គន (សុំមិនបង្ហាញអត្តសញ្ញាណ) បញ្ជាក់ថា កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បានចាំថតរូបភាពវីដេអូនៅចំណុចស្ថានីយខាងលើ ។ អំឡុងពេលនោះសង្កេតឃើញមានប្រភេទរថយន្តយីឌុប , វេអង រហូតរាប់រយគ្រឿងឯណោះ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ថ្លឹងទម្ងន់រថយន្តថ្នល់ទទឹង ប៉ុន្តែមិនបានថ្លឹងទម្ងន់រថយន្តទេ គ្រាន់តែអ្នកជិះនៅលើរថយន្តចុះទៅជួបមន្រ្តីប្រចាំការ លុះបន្តិចក្រោយមក រថយន្តអាចបន្តដំណើទៅមុខទៀតធម្មតា ដែលចំណុចនេះធ្វើឲ្យពួកគាត់ដាក់ការសង្ស័យចំៗថា ឃុបឃិតគ្នាពុករលួយ កិបកេងថវិកាជាតិ ក៏អាចថាបាន ។
ក្នុងសារដែលពួកគាត់ផ្ញើមកនោះចង់បង្ហាញនិងកម្គាល់ទៀតថា រថយន្តដឹកទំនិញធុនធំជាច្រើនប្រភេទ ដឹកទំនិញចង់ប៉ះមេឃ រញ្ជួយដី ចង់បែកប្រេះផ្លូវ ប៉ុន្តែខាងមន្ត្រីគ្រប់គ្រងស្ថានីយ៍ថ្លឹងទម្ងន់ឱ្យចេញទៅធម្មតា ។ សកម្មភាពខាងលើនេះ ត្រូវពួកគាត់សង្ស័យដូចការឆ្ងល់របស់មហាជនដែរ នោះគឺបង់លុយឱ្យ រួច ទើបអាចបន្តដំណើរទៅបាន ខណៈការចរាចរណ៍រថយន្តធុនធំដឹកទំនិញទាំងនោះ ចូលចេញស្ទើរមួយយប់ទល់ភ្លឺ អត់មានលើសទម្ងន់មួយគ្រឿងសោះ ។
ដោយឡែកប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តត្បូងឃ្មុំទម្លាយខ្លះៗឲ្យដឹងថា អំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ផងដែរដូចមានជាក់ស្តែងកាលពីយប់វេលាយបថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២០ នៅស្ថានីយ៍ថ្លឹងទម្ងន់រថយន្តថ្នល់ទទឹង ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ទាក់ទងនិងករណីនេះដែរលោក គង់ សូភាព ធ្លាប់បានប្រាប់ភ្ងាក់ងារយើងថា លោកមកធ្វើប្រធានស្ថានីយនេះគឺលោកមកអនុវត្តច្បាប់(ចាប់)លោកមិនប៉ះពាល់លុយកាក់សូម្បី១០០រៀល៕ ដោយ ៖ វណ្ណៈ