ភ្នំពេញ៖ ដោយសារស្ថានភាពនៃការវិវត្តន៍របស់វីរុសកូវីដ១៩ នៅតែមិនទាន់បង្ហាញសញ្ញានៃការថមថយណាមួយនោះ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវសមានចិត្តតាមរយៈការស្ម័គ្រជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នូវប្រាក់បៀវត្សជានាយករដ្ឋមន្ត្រី ចំនួន៧ខែ ដោយរាប់ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០ ។
នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
គ្រាន់តែមើលឃើញនូវសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ភ្លាម , មន្ត្រីក្រោមឱកាសស្ទើរតែទាំងអស់ ចាប់ពីឧបនាយករដ្ឋរដ្ឋមន្ត្រី រហូតដល់ប្រធានអង្គភាព នានា រួមទាំងស្ថាប័នតុលាការ ផងនោះ បានចាប់ផ្តើមផ្តល់នូវប្រាក់ខែរបស់ខ្លួន ដើម្បីជួយដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ។
ក្រឡេកមើលតួលេខនៃការវិវត្តជំងឺកូវីដ១៩ នៅកម្ពុជា វិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់មានភាពល្អប្រសើរ ដោយការរកឃើញអ្នកមានផ្ទុកជំងឺថ្មី មានការថយចុះ ហើយចំនួនអ្នកព្យាបាលជាសះស្បើយមានការកើនឡើង ។ សង្ឃឹមថា កម្ពុជានឹងប្រយុទ្ធឈ្នះជំងឺកូវីដ១៩ បានក្នុងពេលឆាប់ៗខាងមុខនេះ ៕ដោយ៖ ចេស្ដា