ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញរកសុីដីម្នាក់ត្រូវកម្លាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរី វាយខ្នោះ បន្ទាប់ពីទទួលពាក្យបណ្តឹងរឿងប្រើប្រាស់ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសអតីតជាគ្រូបង្រៀន ហើយបច្ចុប្បន្ន ជាឈ្មួញរកសុីដីដ៏មានឥន្ធិពលម្នាក់ ត្រូវបាន ខាងកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួន ក្រោយពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងទប់ស្កាត់មួយរបស់ជនរងគ្រោះក្នុងរឿងព្រហ្មទណ្ឌ។

បើសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា៖ កាលពីនាវេលារសៀលថ្ងៃទី០៣ខែមេសា ដោយអនុវត្ត តាមដីកា ចាត់អោយសើុបសួរជំនួស កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះទួច ហឿន អាយុ៣៧ឆ្នាំ ទីលំនៅក្នុងក្រុងសែនមនោរម្យ ពាក់ព័ន្ធនិងករណីប្រើប្រាស់ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុតាមមាត្រា២៤៨នៃច្បាប់ភូមិបាល។

សមត្ថកិច្ចបានបន្តថា៖ ជនសង្ស័យបានធ្វើអោយខូចខាតដោយចេតនា តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ។ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ តាមមាត្រា៦៣០នៃក្រមព្រហ្មទណ្ឌ ព្រមទាំងរំលោភលើសេចក្តីទុកចិត្តតាមមាត្រា៣៩១នៃក្រមព្រហ្មទណ្ឌផងទៀត។
ជនសង្ស័យ បានរងនូវបណ្តឹងទប់ស្កាត់មួយពីជនរងគ្រោះឈ្មោះ កាន់ ប៊ុនថាំ ភេទស្រីអាយុ៥៤ឆ្នាំ ដែលមានទីលំនៅឯក្រុងភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនរងគ្រោះកាលពីថ្ងៃទី១៣ ខែមីនា បានដាក់ពាក្យបណ្តឹងទៅកាន់ អភិបាល នៃគណៈអភិបាលក្រុងសែនមនោរម្យ អោយជួយអន្តរាគមន៍ និងទប់ស្កាត់ សកម្មភាព ឈ្មោះទួច ហឿន និងប្រពន្ធឈ្មោះប៊ុនហុក ភឹមផា ដោយមិនអោយធ្វើសកម្មភាពអ្វីមួយនៅលើដីទំហំ៤០៥០០មែត្រការ៉េ ដែលស្ថិតនៅភូមិពូត្រំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងពាក្យបណ្តឹងទប់ស្កាត់បានលើកឡើងថា៖ កាលពីអំឡុងឆ្នាំ២០០៧ ឈ្មោះ កាន់ ប៊ុនថាំ បានទិញដីពីឈ្មោះយ៉ាត ប៊ុនចាយ ឈ្មោះកែវ សុខ ឈ្មោះសៀន ឌឿន ទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាមលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីចុះថ្ងៃទី៣០ ខែសីហាឆ្នាំ២០០៧ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ចុះថ្ងៃទី១២ ខែកញ្ ញាឆ្នាំ២០០៧ដោយមានអាជ្ញាធរភូមិឃុំ ដឹងឮជាសាធារណៈ និងឯកសារយោង ។

ក្នុងពាក្យបណ្តឹង ជនរងគ្រោះបន្តថានៅដើមឆ្នាំ ២០១៩ដោយមានការ ទុកចិត្តនិងជឿជាក់ ទើបជនរងគ្រោះបានឲ្យឈ្មោះទូច ហឿន ជាអ្នកឈូសឆាយធ្វើព្រំដី ដែលមានព្រំប្រទល់ដល់អូរ ទៅតាមបង្គោលដែលបានដាំទុកដោយលោក ជិន ភីតាំងពីឆ្នាំ២០១៥ មក ។ ប៉ុន្តែដោយសារ ច្រាំងអូចោទពេក មិនអាចដាំបង្គោលបាន ទើបទុកនៅទំនេរ ដោយសំអាងថាព្រំប្រទល់រហូតដល់អូរជាភស្តុតាងរហូតដល់បច្ចុប្បន្ន ។
ស្រាប់តែថ្មីៗនេះ ឈ្មោះទូច ហឿន បានយកឯកសារក្លែងបន្លំមួយចំនួនដូចជា លិខិតប្រគល់ទទួលប្រាក់គ្រប់ចំនួន ចុះថ្ងៃទី ៣០ខែសីហាឆ្នាំ២០០៧ និងសេចក្តីបញ្ជាក់ព្រំប្រទល់ដីជាប់គ្នា យកមកធ្វើជាសំអាងដើម្បីរំលោភយកដីកម្មសិទ្ធិស្របច្បាប់របស់ជនរងគ្រោះ ហើយថែមទាំងយកគ្រឿងចក្រមកធ្វើការឈូសឆាយព្រៃ ធ្វើផ្លូវចូលមកដីរបស់ជនរងគ្រោះយ៉ាងបំពានទៀតផង។
ដោយឃើញសកម្មភាពនេះ ខាងជនរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងចូលមកលោកអភិបាល នៃគណៈអភិបាលក្រុងសែនមនោរម្យ សូមឲ្យទប់ស្កាត់ នឹងធ្វើការហាមឃាត់ឈ្មោះទូចហឿន និងប្រពន្ធឈ្មោះ ប៊ុនហុតភឹមផា ឲ្យបញ្ឈប់ការសាងសង់ និងធ្វើសកម្មភាពផ្សេងៗ ដោយរង់ចាំ ការសម្របសម្រួលពីគណៈកម្មាធិការដោះស្រាយវិវាទដីធ្លី របស់រដ្ឋបាលក្រុងសែនមនោរម្យសិន។
ក្នុងពាក្យបណ្តឹងបានបន្តថា៖ ឈ្មោះទួច ហឿន និងប្រពន្ធ នៅតែបំពាន នឹងបន្តឈូសឆាយ នឹងបន្តការសាងសង់ដដែល ដូចនេះដោយមានការបារម្ភ ថាឈ្មោះទូច ហឿន និងប្រពន្ធ អាចនឹងបន្តការឈូសឆាយសាងសង់សំណង់ផ្សេងៗទៀត ដែលអាចធ្វើឲ្យបាត់បង់សភាពដើមនៃដី ឬធ្វើការលក់ដូរជួលបញ្ចាំ ទៅតតិយជនផ្សេងទៀត ដែលអាចធ្វើឱ្យ ពិបាកក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ទៅថ្ងៃអនាគត នឹងអាចធ្វើឲ្យបាត់បង់ផលប្រយោជន៍ធ្ងន់ធ្ងររបស់ជនរងគ្រោះផងនោះ។
សូមបញ្ជាក់ថា៖ នារសៀលថ្ងៃទី០៤ខែមេសានេះ ជនសង្ស័យឈ្មោះទួច ហឿន កំពុងស្ថិតក្នុងបន្ទប់សួរចំលើយរបស់កងរាជអាវុធហត្ថខេត្ត ក្រោមចំណាត់ការលោកមេបញ្ជាការ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីទៅសាលាដំបូង៕ សហការី


ចែករំលែក៖