ភ្នំពេញ៖ ក្រៅពីមហាមិត្តចិនដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ព្រមទាំងសំភារៈនិងបរិក្ខារពេទ្យជាច្រើនមកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ និងមានសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) ។ ក្នុងនោះខាងក្រសួងសុខាភិបាលកម្ពុជា បន្តទទួលសម្ភារ:វេជ្ជសាស្ត្រ សម្រាប់បម្រើឲ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាត នៃវីរុស កូរ៉ូណាថ្មី (Covid .19) ជាអំណោយរបស់ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត នូវផលិតផលអនាម័យ សម្រាប់ក្រុមគ្រូពេទ្យជួរមុខ សរុបចំនួន៣.០០០កញ្ចប់។
ជាក់ស្តែងនៅរសៀលថ្ងៃទី៦ ខែមេសាឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងសុខាភិបាលបានរៀបចំពិធីប្រគល់ ទទួលសម្ភារ: វេជ្ជសាស្ត្រ សម្រាប់បម្រើឲ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុស កូរ៉ូណាថ្មី(Covid .19)ដែលជាអំណោយរបស់ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត នូវផលិតផលអនាម័យសម្រាប់ក្រុមគ្រូពេទ្យជួរមុខ សរុបចំនួន៣.០០០កញ្ចប់។
អំណោយនេះ បានផ្តល់តាមរយះ លោកស្រី Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោក Alejandro Santos concha នាយកប្រចាំប្រទេស នៃក្រុមហ៊ុន យូនីលីវើ(ខេមបូឌា)លីមីធីតជូនដល់ ឯកឧត្តមសាស្ត្រាចារ្យ ម៉មប៊ុនហេងនៅទីស្ដីការក្រសួង។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់ក្រុមហ៊ុន យូនីលីវើ ដែលជាកាយវិការ ត្រូវបានចងចាំទុកក្នុងប្រវត្តិសាស្ត្រសាមគ្គីភាពរបស់ជាតិយើង។
ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងផ្ដល់ជាបន្តបន្ទាប់ទៀត ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឲ្យទទួលបានជោគជ័យកាន់តែឆាប់រហ័ស៕ដោយ៖ សហការី