ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន ជំរុញអោយប្រជាពលរដ្ឋគិតគូរយកចិត្តទុកដាក់ថែរក្សាសុខភាព និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការបង្កា និងទប់ស្កាត់ការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មី Covid-19។
ការជំរុញនេះធ្វើឡើងខណៈលោក ថេង សុថុល អភិបាលខណ្ឌចំការមនអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ក្នុងបរិវេណវត្តថាន់។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក្នុងពិធីចែកអំណោយក៏បានណែនាំដល់ប្រជាពលរដ្ឋបើមិនមានការចាំបាច់ទេ គួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់ការចាក់ផ្សព្វផ្សាយតាមមេក្រូ នៅក្នុងភូមិសង្កាត់នាសព្វថ្ងៃនេះ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលឱ្យយើងចេះ ថែទាំ សុខភាពឱ្យបានល្អ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ COVID-19 គឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
គួរបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋមានចំនួន៥៣គ្រួសារ គឺជាទេយ្យទាន ដែលទទួលបានពីព្រះគ្រូចៅអធិការវត្ត គណៈកម្មការ ព្រះសង្ឃ និងអាចារ្យនៃ វត្តនួនមណីរាម ហៅវត្តថាន់ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ៥កំប៉ុង សារុង១ និងថវិកា ៣ម៉ឺនរៀល ផងដែរ៕ ស រស្មី