ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យអភិបាលរាជធានី-ខេត្ត អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ ១៩ (COVID-19) ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវខិតខំសម្របសម្រួល ដោះស្រាយ និងបញ្ចៀសឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ផងដែរ ទន្ទឹមនឹងនេះត្រូវខិតខំធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានយល់ជ្រួតជ្រាបអំពីគោលបំណងរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមគោរព និងសហការអនុវត្តតាមស្មារតីបទបញ្ជារបស់រាជរដ្ឋាភិបាល សំដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ ១៩ (COVID-19) នៅកម្ពុជា ក៏ដូចជា ថែរក្សាសុខភាពសាធារណៈ និងការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ៕ សិលា


ចែករំលែក៖