ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងស្ទាវ២ក្រុុមបើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមអ្នកចាញ់ដេកពេទ្យអ្នកឈ្នះគេចបាត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ទំនាស់រវាងក្មេង​ទំនើង​២ក្រុមបណ្តាលឲ្យភាគីម្ខាងរងរបួសធ្ងន់២នាក់ ចំណែកភាគីម្ខាងជាអ្នកបង្ករត់គេចខ្លួនបាត់ ។​

ហេតុការណ៍នេះ បានកើត​ឡើង នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០២០ នៅ​ចំណុច​អាង​ពល​សេនា ស្ថិតក្នុង​ភូមិ​ដូន​ណូយ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា​នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០២០ មាន​ក្រុម​ក្មេង​២​ក្រុម​មកលេង​នៅ​អាង​ពល​សេនា ក្នុងភូមិ​ដូន​ណូយ ឃុំ​ទ្រាស ស្រុកស្វាយចេក។បន្ទាប់មកពួកគេមានទំនាស់​ពាក្យសំដី​គ្នា រហូត​បាន​ឈានដល់​ប្រើអំពើហឹង្សាវាយតប់គ្នាទៅវិញទៅមកហើយក្នុងនោះក្រុមម្ខាង២នាក់បានរងរបួសដែលមានឈ្មោះ សិច សាន់ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ របួស​ក្បាល​ផ្នែក​ខាងស្តាំ​និង​ម្នាក់ទៀត​ឈ្មោះ នួន ណង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រងរបួស​មាត់​និង​ស្មា​។ យុវជន​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ដូន​ណូយ​ឃុំ​ទ្រាស ស្រុក​ស្វាយចេក​។​ចំណែក​ជនបង្ក ឈ្មោះ​ងៀ​ន ង៉ាន់​ភេទ​ប្រុស​អាយុ ២៤ ឆ្នាំ​រស់នៅ​ភូមិ​ពន្លៃ​ថ្មី​ឃុំ​ទ្រាស​ស្រុក​ស្វាយចេកនិងបក្ខពួកម្នាក់ទៀត ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​នាំគ្នារត់​គេចខ្លួនបាត់។មកដល់ពេលនេះកម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនដៃដល់ទាំង២នាក់។​រីឯ​ក្រុម​អ្នករងរបួស​ត្រូវបាន​នាំយកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយចេក​ភ្លាមៗផងដែរ៕ដោយ៖ប្រាថ្នា


ចែករំលែក៖