ខេត្តរតនគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា វាយប្រពន្ធខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ការបង្កហិង្សាលើប្រពន្ធខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចការដ្ឋានទី៤ ស្ថិតនៅក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ មាស ពៀ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។
រីឯជនរងគ្រោះជាប្រពន្ធឈ្មោះ ព្រំ ចាន់ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ត្រង់ក្បាលដេរ៣ថ្នេរហើយអ្នកទាំង២មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។មុនពេលកើតហេតុប្តីប្រពន្ធ២នាក់នេះបានទាស់សម្តីគ្នាហើយប្តីទ្រាំមិនបានទាញដុំឈើជ្រុងប៉ុនដុំឥដ្ឋវាយក្បាលប្រពន្ធបែកហូរឈាមហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យដេរអស់៣ថ្នេរ។
ចំណែកបុរសជាប្តីត្រូវបាននគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ផងដែរ៕ដោយ៖ប្រាថ្នា