ព័ត៌មានទាន់ហេតុការណ៍៖

ដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និង ដែនជម្រក សត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ចុះបញ្ជីដីរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន ថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០ បានបញ្ជាក់ពី ការចុះបញ្ជីដីរដ្ឋ នៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និង ដែន ជម្រក សត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងសាធារណជន ឱ្យបានជ្រាបថា៖ ដោយមានកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ព្រមទាំងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងបាននិងកំពុងអនុវត្តការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិចំនួនពីរ គឺ «ដែនជម្រកសត្វព្រៃពាមក្រសោប» ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង និង « ដែន ជម្រក សត្វព្រៃភ្នំព្រេច» ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេស ច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ភូមិបាលឆ្នាំ២០០១។ នីតិវិធី និងដំណើរការនៃការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានធ្វើឡើងទៅតាមគោលការណ៍នៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់តំបន់ការពារធម្មជាតិនីមួយៗ។ គោលបំណងចម្បងនៃការចុះបញ្ជីដីរដ្ឋនេះ គឺដើម្បីរៀបចំឱ្យមាន «វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ» ច្បាស់លាស់សម្រាប់ដែនជម្រកសត្វព្រៃទាំងពីរ សំដៅកាត់បន្ថយ និងលុបបំបាត់ករណីបទល្មើសកាប់រុករានទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនតាមរយៈការរឹតបន្តឹងវិធានការច្បាប់ ក៏ដូចជារួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលបច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣ តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជាង ៧,២ លានហិកតា។
សកម្មភាពអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋនេះ ត្រូវបានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖ (ក) ក្រុមការងារបានបញ្ចប់នីតិវិធី និងដំណើរការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ស្នូល និងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃទាំងពីរ (ខ) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញ «វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ» ជូនក្រសួងបរិស្ថាន ចំនួន ១៨ប័ណ្ណ ដែលក្នុងនោះ ១០ ប័ណ្ណ សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល និងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុប ៤.៦៧២,៦១ ហិកតា និង ៨ ប័ណ្ណ សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី ដែលគ្របដណ្តប់លើផ្ទៃដីសរុប ៤៥.៥១៩,២៦ ហិកតា។ ទន្ទឹមនឹងនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តពិនិត្យចេញ «វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ» សម្រាប់តំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ហើយក្រុមការងារអនុវត្តគម្រោងបាននិងកំពុងបន្តនីតិវិធី និងដំណើរការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃទាំងពីរ ដូចជាការបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី ក្នុងរយៈពេល១៥ថ្ងៃ និងការចុះប្រតិបត្តិសកម្មភាពអាទិភាពនៅទីវាលជាក់ស្តែង។
នេះគឺជាលទ្ធផលប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងជំរុញ ឱ្យមានការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិជាលើកដំបូង ហើយក៏ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលលើការងារការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជាផងដែរ។ ក្រសួង បរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ នឹងបន្តដកស្រង់មេរៀន និងបទពិសោធពីគម្រោងនេះ ដើម្បីកែសម្រួលនីតិវិធី និងជំរុញដំណើរការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិដទៃទៀតនៅទូទាំងប្រទេស។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថានក៏សូមអំពាវនាវដល់សាធារណជន ជាពិសេសក្រសួង ស្ថាប័នមានសមត្ថកិច្ច និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សូមបន្តផ្តល់ការគាំទ្រ និងចូលរួមក្នុងដំណើរការនៃការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយតាមការគួរ៕សុខខេមរា


ចែករំលែក៖