កំពង់ងឆ្នាំង ៖ រឺម៉កគឺជាមធ្យោបាយដ៍ពេញនិយមបំផុតនៅក្នុងអំឡុងទសវត្សឆ្នាំ៨០ នរណាៗ ក៍គេស្គាល់ផងដែរអំពីមធ្យោបាយមួយនេះដែលតែងតែជូនអ្នកដំណើរនៅគ្រប់ទិសទីនៅក្នុងសម័យកាលនោះ ។ ដោយសារប្រទេសមានការអភិវឌ្ឍន៍ មធ្យោបាយដឹកអ្នកដំណើរកាន់តែវិវឌ្ឍន៍ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ដែលរហូតមកដល់នឹងពេល បច្ចុប្បន្ននេះ រឺម៉កកង់ដែលប្រើដោយកម្លាំងមនុស្សស្ទើតែបាត់ទៅហើយ ។
នៅក្នុងអំឡុងទសវត្សឆ្នាំ៨០ នៅខេត្តកំពង់ឆ្នាំងវិញមិនខ្វះនោះទេមធ្យោបាយមួយនេះ គឺរឺម៉កកង់ដែលប្រើកម្លាំងមនុស្សនោះ ដោយសារនៅសម័យកាលនោះតម្រូវការមធ្យោបាយនេះមានច្រើននោះ នៅខេត្តកំពង់ឆ្នាំង មានគ្រួសារមួយបានត្រូវអ្នកខេត្តកំពង់ឆ្នាំងបានដាក់ឈ្មោះជាដង្ខៅរឺម៉ក ឈ្មោះថាលោក តាកិ ដែលគាត់មានរឺម៉កជាច្រើនគ្រឿងទុកជួលអោយអ្នកមករកបន្ត ។
បច្ចុប្បន្នរឺម៉កង់របៀបនេះសឹងតែបាត់ស្រមោលពីទឹកដីខេត្តកំពង់ឆ្នាំងបាត់ទៅហើយ ស្របពេលដែលមធ្យោបាយដឹកអ្នកដំណើរបានរីកដុះដាល និងមានភាពងាយស្រួល និង លឿនជាងមុន ។
បើទោះបីជាមានាកាវិវឌ្ឍន៍នូវមធ្យោបាយធ្វើដំណើររីកចម្រើនដល់កម្រិតណាក៍ដោយ អ៊ុំប្រុសឈ្មោះជិន ណូន រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ដែលមានអាយុប្រមាណជាង៦០ឆ្នាំទៅហើយនោះ កម្លាំងនៅមាំមួនគ្រាន់បើដែរ នៅតែប្រកាន់មុខរបរធាក់រឺម៉កកង់នេះដដែល ។
ព្រលឹមស្រាងៗគាត់បានចេញដំណើរពីផ្ទះរបស់គាត់សំដៅមកទីប្រជុំជនផ្សារលើ ដែលសំបូរទៅដោយមនុស្សម្នាច្រើនកកកុញ ហើយរឺម៉កកង់នាសម័យនេះពុំសូវបានដឹកមនុស្សប៉ុន្មាននោះទេ គឺភាគច្រើនគាត់ដឹកតែឥវ៉ាន់តែប៉ុណ្ណោះគឺដឹកបន្លែឬផ្លែឈើពីខាងក្រៅចូលទៅក្នុងផ្សារ ដែលដឹកឆ្ងាយបំផុតពីផ្សារលើទៅផ្សារក្រោម ។
កម្រៃដែលបានមកពីការធាក់រឺម៉កកង់នេះ ទោះបីមិនច្រើនដូចគេ តែអាចជួយសម្រួលដល់ជីវភាពរបស់គាត់ខ្លះផងដែរ រយៈពេលជិត៣០ឆ្នាំដែលប្រកបរបរធាក់រឺម៉កនោះគាត់នៅតែពេញចិត្ត ដោយសារតែមុខរបនេះហើយ បានធ្វើអោយគាត់មានផ្ទះនៅ ចិញ្ចឹមកូនបានរៀនសូត្រដូចគេឯងផងដែរ បើទោះបីជីវភាពមិនបានធំដំនឹងគេ តែគាត់សប្បាយនឹងទទួលយកនូវអ្វីដែលមាននាពេលនេះ ។
លោកអ៊ុំ ជិនណូនបានប្រាប់ទៀតថា គាត់នៅតែបន្តមុខរបរនេះជារៀងរហូតលុះត្រាណាតែរូបគាត់ ទៅលែងរួចមិនអាចធាក់រឺម៉កកង់នេះបាន ប្រសិនបើនៅមានកម្លាំងដូចសព្វថ្ងៃនោះគាត់នៅតែប្រកបរបនេះដដែល ។ដោយ៖ចន្ថា