ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីជាមួយគ្នាទាស់សម្តីទាញកាំបិតកាប់ផ្ទៃមុខគូបដិបក្ខរបួសធ្ងន់

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលដំរី ឃាត់ខ្លួនជនបង្កម្នាក់ដែលបានប្រើអំពើហិង្សាដាក់អ្នកដទៃដោយចេតនា ពេលផឹកស៊ីទំនាស់ពាក្យសម្តី ដោយយកកាំបិតកាប់ទៅលើផ្ទៃមុខបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ ស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែជិះបានឲ្យដឹងថា ជនបង្កមានឈ្មោះជា ឃឿ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ល ពេញ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
សាក្សីបានប្រាប់សមត្ថកិច្ចមូលដ្ឋានថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យផឹកស៊ីជាមួយគ្នា ហើយក្រោយមកក៏បង្កទំនាស់ពាក្យសម្តីនឹងគ្នាធ្វើឲ្យជនសង្ស័យទ្រាំលែងបានក៏យកកាំបិតកាប់ទៅលើជនរងគ្រោះ ចំផ្ទៃមុខ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីព្យាបាលរបួសភ្លាមៗ ។
ចំណែកជនបង្ក ក្រោយពេលកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងខាងលើ រឹបអូសវត្ថុតាងកាំបិត កកុកមួយដើមនិង ធ្វើការឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕ ដោយ៖ប្រាថ្នា


ចែករំលែក៖