ព័ត៌មានទាន់ហេតុការណ៍៖

លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងថា «បើអ្នកមិនយល់ពីសំណួរទាំងនេះទេ អ្នកគ្រាន់តែជាអ្នកលេងហ្វេសប៊ុកធម្មតាម្នាក់ប៉ុណ្ណោះ»

ចែករំលែក៖

ភ្នំពេញ៖លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តាមរយៈហ្វេសប៊ុក កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ថ្លែងថា នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផងថា អ្នកបម្រើការនៅអង្គភាពព័ត៌មានណា ? មានអាជ្ញាប័ណ្ណពីក្រសួងត្រឹមត្រូវទេ ? ហើយអ្នកធ្លាប់បានសិក្សាជំនាញសារព័ត៌មានទេ ? ធ្លាប់មានបទពិសោធន៍លើវិស័យព័ត៌មានបានប៉ុន្មានឆ្នាំហើយ ? ។ 

តើអ្នកយល់ពាក្យ «ព័ត៌មាន» ដែលភាសាបរទេសហៅថា «News» ច្បាស់ហើយឬនៅ ? និងស្គាល់ពីតួនាទីអ្នកសារព័ត៌មានច្បាស់ទេ ? ។ បើអ្នកមិនមាននិងមិនយល់សំនួរខាងលើនេះ នោះអ្នកមិនមែនជាអ្នក «សារព័តមាន» ទេគឺអ្នកគ្រាន់តែជាអ្នកលេងហ្វេសប៊ុកធម្មតាម្នាក់ប៉ុណ្ណោះ ហើយសូមកុំយកតួនាទីជាអ្នកសារព័ត៌មានមកប្រើ វានាំឲ្យខូចដល់អ្នកសារព័ត៌មានដែលមានសញ្ញាប័ត្រ មានវិជ្ជាជីវ:ត្រឹមត្រូវ ។

លោក ជុំ កុសល ដែលជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ផងនោះ ថ្លែងទៀតថា ពាក្យ «News» មកពីពាក្យ ៖

N : North មានន័យ ខាងជើង

E. : East មានន័យ ខាងកើត

W : West មានន័យ ខាងលិច

S. : South មានន័យ ខាងត្បូង 

រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បន្តថា ក្នុងន័យនេះគឺតម្រូវឲ្យអ្នកសារព័ត៌មានត្រូវស្គាល់ទិសឲ្យបានគ្រប់ មានន័យថា អ្នកសារព័ត៌មានត្រូវចេះប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយសិនមុននឹងចុះផ្សាយ ។ 

អ្នកសារព័ត៌មានមិនមែនជាអង្គវិនិច្ឆ័យសម្រេចសេចក្តីឲ្យអ្នកនេះខុស អ្នកនោះត្រូវ ការពារអ្នកនេះវាយប្រហារអ្នកនោះ , ទទួលឯកសារខាងនេះបដិសេធខាងនោះ និយាយពាក្យពីរោះជាមួយខាងនេះ ប្រើពាក្យជេរប្រទិចខាងនោះនិងគំរាមកំហែងអ្នកណាម្នាក់បានឡើយ ក្រៅពីធ្វើជាអ្នកនាំដំណឹងតែប៉ុណ្ណឹង ៕

ដោយ៖ចេស្ដា


ចែករំលែក៖