ប្រទេសជប៉ុន៖ តាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK បាននិយាយថា បុគ្គលិកបម្រើការនាវាទេសចរណ៍Costa Atlantica ចំនួន៥៧នាក់ ក្នុងចំណោម ៦២៣នាក់ ត្រូវបានអាជ្ញាធរសុខាភិបាលក្រុងណាកាសាគី នៃប្រទេសជប៉ុន ធ្វើតេស្តរកឃើញករណីវិជ្ជមាននៃកូរ៉ូណាវីរុស(COVID-19) បន្ថែមទៀត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ។
អាជ្ញាធរសុខាភិបាលក្រុងណាកាសាគី បានបញ្ជាក់ថា នាវាទេសចរណ៍Costa Atlantica ដែលមានផ្ទុកបុគ្គលិកបម្រើការចំនួន ៦២៣នាក់ត្រូវបានធ្វើតេស្តរកឃើញករណីវិជ្ជមាននៃកូរ៉ូណាវីរុសចំនួន ៥៧ករណីបន្ថែមទៀត ។ ជាក់ស្តែងតួលេខរកឃើញអ្នកឆ្លងCOVID-19 សរុបនៅក្នុងនាវាជួសជុលមួយនេះ បានកើនដល់ចំនួន ១៤៨ករណី។ ក្នុងចំនួននេះ មានបុគ្គលិកនាវាម្នាក់ កំពុងមានស្ថានភាពសុខភាពធ្ងន់ធ្ងរ ។
សូមជម្រាបថា មុនដំបូង នាវាទេសចរណ៍នេះ ត្រូវគេគ្រោងយកទៅជួសជុលនៅក្នុងប្រទេសចិន ប៉ុន្តែដោយសារការរីកសាយភាយនៃCOVID-19 ទើបគេយកមកជួសជុលនៅក្រុងណាកាសាគី (Nagasaki) នៃប្រទេសជប៉ុនវិញ។
គិតមកត្រឹមពេលនេះ ករណីCOVID-19 សរុបមានចំនួន ១២៨២៩ករណី អ្នកស្លាប់ចំនួន ៣៤៥ករណី និងអ្នកជាសះស្បើយចំនួន ១៥៣០ករណី ៕ដោយ៖ស តារា