ទីក្រុងតូក្យូ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19 លោក អាបេ ស៊ីនហ្សូ (Abe Shinzo) នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសនៅថ្ងៃចន្ទទី២៧ ខែមេសា ឆ្នាំ២០២០នេះថា ជប៉ុននឹងដាក់ចេញនូវបំរាមធ្វើដំណើរមួយ ដោយហាមប្រជាជនមកពីប្រទេសចំនួន ១៤ ចូលមកក្នុងប្រទេសដីកោះមួយនេះ ។
សូមជម្រាបថា សម្រាប់ប្រទេសចំនួន ១៤ ដែលនឹងត្រូវជាប់ក្នុងបំរាមខាងលើនេះរួមមាន រុស្ស៊ី, អ៊ុយក្រែន, បេឡារុស, អារ៉ាប៊ីសាអូឌីត, កាតា, អេមីរ៉ាត់អារ៉ាប់រួម, អូម៉ង់, ជីបួទី, ប៉េរូ, គុយវ៉ែត, អាន់ទីកបាបូដា, បាបាដូស, សង់ឃីតណេវីស និងសាធារណរដ្ឋដូមីនីក ។ ការប្រកាសខាងលើនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រុមការងារពិសេសមួយ ដែលដឹកនាំដោយលោក អាបេ ស៊ីនហ្សូ នៅថ្ងៃចន្ទនេះតែម្តង ។
គួរបញ្ជាក់ថា បំរាមខាងលើនេះ នឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃពុធ ទី២៩ ខែមេសា ខាងមុខនេះតទៅហើយ ដោយក្នុងនោះក៏បានបញ្ជាក់ផងដែរថា អ្នកដែលធ្លាប់មានប្រវត្តិទៅកាន់ប្រទេសទាំង ១៤ ហើយចូលមកក្នុងប្រទេសជប៉ុន (លើកលែងតែជនជាតិជប៉ុន) នៅអំឡុងពេល២សប្តាហ៍ចុងក្រោយនេះ នឹងត្រូវតម្រូវឲ្យចាកចេញពីប្រទេសជប៉ុនវិញ។ បន្ថែមពីខាងលើនេះ ជប៉ុននឹងពង្រីកថេរវេលា ក្នុងការផ្អាក ផ្តល់ទិដ្ឋាការដល់ជនបរទេសនានា រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២០ ផងដែរ៕ដោយ៖ស តារា