ព័ត៌មានទាន់ហេតុការណ៍៖

អ៉ីតាលីឈរនៅលំដាប់ទី៣ ខណៈអ្នកឆ្លង COVID-19 បានកើនលើស ២០ម៉ឺនករណីហើយ

ចែករំលែក៖

ប្រទេសអ៉ីតាលី៖ អាជ្ញាធរសុខាភិបាលអ៉ីតាលី បានធ្វើតេស្តរកឃើញករណីអ្នកផ្ទុក COVID-19 ថ្មីចំនួន ២០៩១ករណីថែមទៀត ខណៈអ្នកស្លាប់មានចំនួន ៣៨២នាក់ ដោយករណីជំងឺរលាកសួតនេះ បង្កឡើងដោយកូរ៉ូណាវីរុស (COVID-19)នៅអ៊ីតាលី បានកើនលើស ២០ម៉ឺនករណីហើយបើគិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០

បើតាមការចុះផ្សាយរបស់វេបសាយ Worldometer នៅថ្ងៃទី២៨ ខែមេសាបានបញ្ជាក់ថាពេលនេះតួលេខរបស់អ៉ីតាលីឈរនៅលំដាប់ទី៣នៃប្រទេសដែលមានជំងឺ COVID-19 ច្រើនជាងគេ បន្ទាប់ពីអាមេរិក និងអេស្ប៉ាញ ដោយតួលេខសរុបនៅអ៊ីតាលី បានកើនដល់២០១៥០៥ករណី និងអ្នកស្លាប់២៧៣៥៩នាក់ ដោយឡែកសម្រាប់អ្នកជាសះស្បើយនៅអ៉ីតាលីវិញ មានចំនួន ៦៨៩៤១នាក់

សូមជម្រាបថា ទោះមានចំនួនអ្នកឆ្លងកើនឡើងក្ដី អត្រាឆ្លងជាង ២ពាន់ករណីនៅអ៉ីតាលីក្នុងពេលនេះ គឺមានការធ្លាក់ចុះច្រើន បើធៀបទៅនឹងអត្រាឆ្លងកូរ៉ូណាវីរុសនាចុងខែមីនា ដែលថ្ងៃខ្លះអ៊ីតាលីមានករណីឆ្លងរហូតដល់ជិត៦ពាន់ករណី និងច្រើនជាង ៦ពាន់ករណីឯណោះ

ស្របពេលអត្រាឆ្លងធ្លាក់ចុះបែបនេះ អ៉ីតាលី ក៏ត្រៀមបន្ធូរបន្ថយការរឹតត្បិតប្រទេសនៅថ្ងៃទី៤ខែឧសភាផងដែរ បន្ទាប់ពីបិទប្រទេសជាង១ខែកន្លងមក ថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍នាថ្ងៃទី២៧ ខែមេសា លោកនាយករដ្ឋមន្ត្រីអ៉ីតាលី Giuseppe Conte បានលើកឡើងពីវិធានការបន្ធូរបន្ថយមួយចំនួនដូចជា ការអនុញ្ញាតឲ្យបើករោងចក្រ ការធ្វើដំណើរបាននៅតំប់ខ្លះ កីឡាមួយចំនួនអាចចាប់ផ្តើមការហ្វឹកហាត់បាន ហើយភោជនីយដ្ឋានអាចបើកដំណើរការឡើងវិញ តែផ្ដល់សេវាដឹកជញ្ជូនតែប៉ុណ្ណោះ

យ៉ាងណាក៏ដោយ តៀមស្រា កន្លែងកាត់សក់ សាលារៀន ព្រះវិហាសាសនាកីឡាផ្សេងៗ នៅតែបន្តបិទដដែល។ បន្ថែមពីលើនេះលោកនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការរក្សាគម្លាតសុវត្ថិភាពនៅតែសំខាន់ ហើយប្រជាជនទាំងអស់ គួរតែនៅឲ្យឆ្ងាយពីគ្នាចំនួន៣ម៉ែត្រ ដើម្បីកាត់បន្ថយ និងបង្ការករណីឆ្លងជំងឺឆ្លងជាសកលមួយនេះ។

សូមបញ្ជាក់ថា អ៉ីតាលីបានដាក់បញ្ជាឲ្យប្រជាជនស្នាក់នៅផ្ទះ តាំងពីថ្ងៃទី៩ខែមីនា មកម្ល៉េះបន្ទាប់ពីប្រទេសនៅតំបន់អឺរ៉ុបមួយនេះ បានរកឃើញករណីឆ្លងជាបន្តបន្ទាប់ ភាគត្បូងប្រទេសនេះបានប្រកាសជោគជ័យក្នុងការទប់ស្កាត់ការរាលដាល ខណៈភាគខាងជើងនៅតែជួយបញ្ហាប្រឈមខ្លាំងទោះមានប្រព័ន្ធសុខាភិបាលជឿនលឿនជាងតំបន់ខាងត្បូងក្ដី ៕ដោយ៖សតារា


ចែករំលែក៖