ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គីសនីឆេះហាងកាហ្វេ ក្បែរវត្តភ្នំ ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ហាងលក់កាហ្វេ និងបបរស មួយកន្លែងក្បែរវត្តភ្នំ ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយធ្វើអន្តរគមន៍បាញ់ភ្លាមៗ

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០ ចំណុចផ្ទះលក់កាហ្វេ និង បបរស ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសម្តីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញអណ្ដាតភ្លើង និង ផ្សែងហុយចេញយ៉ាងខ្មួលខ្មាញ់ពីក្នុងផ្ទះលក់កាហ្វេ និង បបរស ជាន់ឡៅតឿ ភ្លាមនោះក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានជួយទំនាក់ទំនងសមត្ថកិច្ចនគរបាលការិយាល័យបង្ការ និង ពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកអន្តរាគមន៍បាញ់ពន្លត់ ជាច្រើនគ្រឿងផងដែរ។

ពាក់ព័ន្ធករណីអគ្គិភ័យនេះ មន្រ្តីជំនាញការិយាល័យ បង្ការនិងពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជាជំហានដំបូងនៃការសន្និដ្ឋានគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យឆេះបន្ទប់ជាន់ឡៅតឿ

សូមបញ្ជាក់ផងដែរថានៅក្នុងករណីអគ្គភ័យឆាប់ឆេះផ្ទះលក់កាហ្វេនិងបបរសនេះ គេឃើញវត្តមានលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះមកដល់ទីតាំងកើតហេតុ ជួយអន្តរាគមន៍ និង សម្រួលចរាចរណ៍ដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់ផងដែរ ៕ដោយ៖ស រស្មី


ចែករំលែក៖