បន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២០កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញមុខជនសង្ស័យដែលជាមុខសញ្ញាប្លន់ចំនួន៥នាក់បន្ទាប់ពីចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពួកគេធ្វើសកម្មភាពវាយសម្លាប់បុរសម្នាក់ប្លន់យកម៉ូតូនិងខ្សែក១ខ្សែ ក្រោមការដឹកនាំដោយលោក ឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងពេលបង្ហាញមុខជនសង្ស័យទាំង៥នាក់នេះលោក ស្នងការ បានបញ្ជាក់ថា នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានស្រាវជ្រាវតាមចាប់មុខសញ្ញាលួចមានស្ថានទម្ងន់ដោយប្រើហឹង្សាបណ្តាលឲ្យស្លាប់ជនរងគ្រោះម្នាក់ប្លន់យកម៉ូតូ១គ្រឿងនិងខ្សែកដែលកើតហេតុកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ វេលា ម៉ោង១០យប់នៅចំណុចស្ពានទី៣ផ្លូវចេញទៅសៀមរាប ស្ថិតក្នុងភូមិសាស្រ្តភូមិ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយជនសង្ស័យបានដឹកសពជនរងគ្រោះទៅបោះចោលក្នុងប្រឡាយទឹកខាងកើតអាងទឹកម្កាក់ចម្ងាយប្រហែល១៥០ម៉ែត្រស្ថិតក្នុងភូមិ-សង្កាត់ម្កាក់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកស្នងការបន្តថា ក្រោយពេលកើតហេតុ កម្លាំងជំនាញផែនព្រហ្មទណ្ឌខេត្តបានធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញាដល់ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួន ជនសង្ស័យ ចំនួន៣នាក់ និងឃាត់នៅខេត្តបន្ទាយមានជ័យបាន ២នាក់ទៀត សរុប៥នាក់មានឈ្មោះដូចខាងក្រោម:
១-ឈ្មោះទិត្យ សំណាង (ហៅឡាក់)ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជនដៃដល់)។
២-ឈ្មោះជុំ ចន្ថាហៅ (សានម៉ៅ) អាយុ១៥ឆ្នាំនៅភូមិអូរតាគល់ ឃុំគយម៉ែង ស្រុកមង្គលបូរី (ជនដៃដល់)។
៣-ឈ្មោះសាន តេ ហៅ(តឹក) ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិជាមួយគ្នានឹងឈ្មោះជុំ ចន្ថា (ជាបក្ខពួក)។
៤-ឈ្មោះខាន់ សុីមាន ភេទប្រុសអាយុ២០ឆ្នាំនៅភូមិជាមួយ (ជនដៃដល់) ។
៥-ឈ្មោះ សួន ស្រីតី ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាបក្ខពួក ។
លោកបន្តថាក្រោយឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាងបានមានម៉ូតូម៉ាកហុងដាវេវពណ៌ក្រហមស៊េរីឆ្នាំ២០០១ អត់ស្លាកលេខ(ម៉ូតូចាស់)ជារបស់ជនរងគ្រោះ មួយគ្រឿង ៕
ដោយ÷នីម វណ្ណា