ភ្នំពេញ: បុរសម្នាក់បើកលឿនដល់ចំណុចផ្លូវបែកជាបួនបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះគ្នាពីរនាក់បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល៣នាក់ ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១និង៤០នាទីយប់ថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនឹងផ្លូវលេខ១៦៣ ចំណុចភ្លើងស្តុបវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ1A-2653ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៣ក្នុង ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកយ៉ាម៉ាហាស៊ីរ៉ូស ពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1P-8100 បើកដោយបុរសម្នាក់ និងមានបុរសម្នាក់រួមដំណើរជាមួយ បើកតាមបណ្តោយផ្លូវព្រះសីហនុ ពេញទំហឹងបណ្ដាលឲ្យបុរសទាំង៣នាក់រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកខាងភាគីម៉ូតូវ៉េងរងរបួសស្រាលបានឡើងជិះម៉ូតូមិត្តភក្កិគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំង ពីរគ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌបឹងកេងកងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ