ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់មន្រ្តីនគរបាលខេត្តព្រះវិហារ៤៣៤នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖  នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានរៀបចំពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់មន្ត្រីនគរបាលជាតិ  នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំនួន៤៣៤នាក់ដែលទើបទទួល បានការតែងតាំងនិងដំឡើងឋានន្តរសក្តិ ។

ពិធីនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃព្រហស្បិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០  ខែមេសា ឆ្នាំ២០២០ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា  ស្នងការនគរបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួម ពីលោក លោកស្រី ស្នងការរង អធិការ ក្រុង/ស្រុក ទាំង៨ និងលោក លោកស្រី ជានាយ នាយរងនគរបាលផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា  ស្នងការនគរបាលខេត្ត បានសំដែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ចស្នូលរបស់ខ្លួនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋសំរេចបានលទ្ធផលល្អជាបន្តបន្ទាប់ពិសេស មន្ត្រីដែលទើបត្រូវបានប្រកាស មុខតំណែងនិងបំពាក់ឋានន្តរសក្តិនាពេលនេះដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់ថ្នាក់លើដែលបានផ្តល់តួនាទីភារកិច្ចជូនដល់អស់លោក លោកស្រី ជាងនេះទៀតត្រូវតែខិតខំជំរុញការអនុវត្តន៍ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលឲ្យទទួលបានលទ្ធផលល្អប្រសើរដើម្បីធានាការរស់នៅទទួលបានសុខសាន្តរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ចយើង។ត្រូវចៀសវាងដាច់ខាតការយកតួនាទីសិទ្ធិអំណាចបុណ្យស័ក្តិ ទៅប្រព្រឹត្តអំពើល្មើសច្បាប់កៀបសង្កត់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលត្រូវបានតែងតាំងមុខតំណែង និង បំពាក់ឋានន្តរស័ក្តិក្នុងឱកាសនោះមានចំនួន៤៣៤នាក់( ស្រី ៣៦នាក់) ក្នុងនោះ

– ផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង ចំនួន៩៨នាក់  ស្រី ៨នាក់

– ដំឡើងឋានន្តរសក្តិ ចំនួន៣៣៦នាក់  ក្នុងនោះមានស្រី ២៨នាក់៕

ដោយ÷ប្រាថ្នា


ចែករំលែក៖