ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនបុរសម្នាក់ ជាឈ្មួញរកស៊ីពុះដីឡូត៍លក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីទិញដីគេដែលមានតម្លៃជាង១០លានដុល្លារ យកទៅពុះលក់អស់ មិនព្រមឲ្យលុយទៅម្ចាស់ដី ហើយថែមទាំងយកឈ្មោះរបស់ថ្នាក់ដឹកនាំទៅគំរាមកំហែង កុំឲ្យភាគីម្ចាស់ដីប្ដឹងខ្លួន ។
យោងតាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រ៊ុន សភា ភេទប្រុស អាយុ ៤៥ឆ្នាំ និងមានប្រពន្ធឈ្មោះ ឌួងកែវមរកត រស់នៅផ្ទះលេខ៨៦ ផ្លូវលេខ២៧០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ប្រភពដដែលបន្តថា កាលពីអំឡុងដើមឆ្នាំ២០១៨ ឈ្មោះ ស្រ៊ុន សភា និងប្រពន្ធឈ្មោះ ឌួង កែវមរកត បានទៅទិញដី និងផ្ទះរបស់ជនរងគ្រោះឈ្មោះហ្គីវ ប៊ុនឃាង និងឈ្មោះ អ៊ឹង គឹមយូ ទំហំ ៨.៥ហិកតា មានចំនួន ៥ប័ណ្ណក្នុងតម្លៃសរុប ១១,៩០០,០០០ដុល្លារសហរដ្ឋអាមេរិក ដោយព្រមព្រៀងគ្នាបង់ជាបណ្ដាក់ៗ។ បន្ទាប់មកឈ្មោះ ស្រ៊ុន សភា និងប្រពន្ធឈ្មោះ ឌួងកែវមរកត បានបង់លុយទៅម្ចាស់ដីបានចំនួន ៥០ម៉ឺនដុល្លារអាមេរិក ក៏ឈប់បង់ ទើបភាគីម្ចាស់ដីប្ដឹងឲ្យភាគីទិញ បង់បន្តទៀតតាមកិច្ចសន្យា។
ក្រោយមកភាគីអ្នកទិញឈ្មោះ ស្រ៊ុន សភា និងប្រពន្ធឈ្មោះ ឌួង កែវមរកតក៏ព្រមធ្វើកិច្ចសន្យា បង់ថ្លៃដីបន្តទៀត រហូតបង់បានសរុប១,៤០០,០០០ដុល្លារ ក៏ឈប់បង់ម្តងទៀត។ ពេលនោះភាគីអ្នកលក់ក៏បានប្ដឹងម្ដងទៀត ទើបភាគីអ្នកទិញព្រមបង់លុយបន្ថែមចំនួន១,៣១០,១៥០ដុល្លារអាមេរិក។
ដោយសារតែភាគីអ្នកទិញ ពិបាករឿងលុយកាក់ពេល ភាគីអ្នកលក់ក៏សម្របសម្រួលគ្នាដោយលក់ត្រឹមតែ ៤ប័ណ្ណឲ្យភាគីអ្នកទិញ ហើយក៏ធ្វើកិច្ចសន្យាថ្មី ដោយភាគីអ្នកទិញព្រមប្រគល់ប្រាក់គ្រប់ ចំនួន១,៦៥០,០០០ដុល្លារអាមេរិក (បន្ថែមលើប្រាក់បង់រួច) នៅពេលភាគីអ្នកលក់រត់ការកាត់ឈ្មោះដី ៤ប័ណ្ណឲ្យខ្លួនជាអ្នកទិញរួចរាល់។
មិនដូចអ្វីដែលបានសន្យា ភាគីអ្នកទិញ ឈ្មោះ ស្រ៊ុន សភា និងឈ្មោះ ឌួងកែវមរកត ពេលបានទទួលប្លង់ដីចំនួន ៤ប័ណ្ណពីអ្នកលក់រួចរាល់ គឺមិនព្រមបង់លុយថ្លៃដីឲ្យអ្នកលក់ទេ និងបានគេចវេសរហូត។
ជាមួយគ្នានោះ ឈ្មោះ ស្រ៊ុន សភា និងឈ្មោះ ឌួង កែវមរកត ថែមទាំងបានយកឈ្មោះ ថ្នាក់ដឹកនាំម្នាក់ទៅគំរាមកំហែក ភាគីអ្នកលក់ឲ្យឈប់ទារលុយថ្លៃដីដែលនៅសល់ថែមទៀតផង។ ប៉ុន្តែបើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាយកឈ្មោះថ្នាក់ដឹកនាំទៅប្រើមែន តែថ្នាក់ដឹកនាំមិនបានដឹងទេដោយសារតែអំពើរបស់ជនសង្ស័យជារឿងរំលោភបំពានច្បាប់ហួសហេតុពេក ទើបក្រុមជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹង ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌។
ក្រោយសមត្ថកិច្ចឃាត់ខ្លួន ដើមបណ្ដឹងសូមអំពាវនាវដល់តុលាការ ជួយចាត់ការលើជនសង្ស័យខាងលើនេះតាមច្បាប់ផង ខណៈដែលកំពុងមានការអន្តរាគមន៍ ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ស្រ៊ុន សភា ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖ស តារា