ព័ត៌មានទាន់ហេតុការណ៍៖

បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ចងក​ ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​មែក​ដើម​ព្រីង

ចែករំលែក៖

ព្រះសីហនុ ៖ សាកសព​បុរស​ម្នាក់​ ត្រូវ​គេ​ប្រទះឃើញ​ស្លាប់​ដោយមាន​ខ្សែ​ចង​ជាប់ ក ជា​មួយ​និង​មែក​ដើម​ព្រីង​ក្នុង​ព្រៃ ជាប់​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចន្លោះ​បង្គោល​គីឡូម៉ែត្រលេខ​២១៣/២១៤។​ ហេតុការណ៍​នេះ ​បាន​កើតមានឡើង​នៅ​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​១ ខែ​ឧសភា​ ឆ្នាំ​២០២០ ស្ថិតនៅ ចំណុច​ច្រក​ចូល​ចម្ការ​ខ្នុរ ក្នុង​ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​ចុះ​ទៅពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា សព​ជនរងគ្រោះ គេ​មិនទាន់​ស្គាល់​ឈ្មោះ​នោះ​ទេ ដោយ​សព​ជាមនុស្ស ប្រុស ពាក់​អាវយឺត ស ដៃ​ខ្លី ស្លៀក​ខោ​ខោវប៊យ បាន​យក​ខ្សែ​នីឡុង​សំប៉ែត​បន្ទះ​ប៉ុន​មេដៃ​ពណ៌​ខ្មៅ​(​ដូច​ខ្សែ​កា​តាប​ស្ពាយ​) ចង ក ភ្ជាប់​ទៅ​នឹង​ដើម​ព្រីង បណ្តាល​ឲ្យ​ស្លាប់​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ការសាកសួរ ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ចំណុច​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ម្សិលមិញ​( ថ្ងៃ​ទី​៣០ ខែ០៤ ឆ្នាំ​២០២០) ពួកគាត់​ឃើញ​ជនរងគ្រោះ​ខាងលើ បាន​ដើរ​ទៅ​មកៗ កន្លែង​កើត​ហេតុ​ខាងលើ ហើយ​និយាយ​តែ​ម្នាក់​ឯង ហាក់​បី​ដូច​ជា​មាន​សតិ​មិនល្អ​។ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​គាត់​ចងក​សម្លាប់​ខ្លួន​។ បច្ចុប្បន្ន​សាកសព​ខាងលើ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នេះ សមត្ថកិច្ច​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​បិត​ត្រាំ​ង​បន្ទាប់ពី​ធ្វើការ​ពិនិត្យ​រួច​៕ឆ្លាម សមុទ្រ


ចែករំលែក៖